ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក Donald Trump ៖ ត្រឡប់ទៅប្រើផ្លាស្ទិកវិញ

RT News

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិប្រឆាំងនឹងទុយោក្រដាសនៅសប្តាហ៍ក្រោយ។ គម្រោងនេះនឹងផ្លាស់ប្តូរផែនការរបស់អតីតប្រធានាធិបតីលោក Joe Biden ក្នុងការលុបចោលផលិតផលផ្លាស្ទិកប្រើតែមួយដងនៅក្នុងអគាររដ្ឋាភិបាលត្រឹមឆ្នាំ ២០២៧។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានធ្វើសេចក្តីប្រកាសបែបនេះកាលពីថ្ងៃសុក្រនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកគឺ Truth Social ។

លោកថា “ខ្ញុំនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅសប្តាហ៍ក្រោយដើម្បីបញ្ចប់ការជំរុញរបស់ Biden ដ៏គួរឱ្យអស់សំណើចសម្រាប់ ទុយោធ្វើអំពីក្រដាស ដែលមិនដំណើរការ។ ត្រលប់ទៅប្លាស្ទិកវិញ!”

លោក Trump ជារឿយៗបានសម្តែងការមិនពេញចិត្តរបស់លោកចំពោះទុយោដែលធ្វើអំពីក្រដាស។

ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២០ លោកបាននិយាយថា “តើមាននរណាម្នាក់បានសាកល្បងប្រើទុយោក្រដាសទាំងនោះទេ? ពួកគេ​មិន​ដំណើរការ​ល្អ​ពេក​ទេ​»​។ លោក​បាន​រិះគន់​ចំពោះ​ការ​បែកៗក្នុង​ពេល​ប្រើប្រាស់ ហើយ​បាន​ចោទ​សួរ​ពី​ភាព​ជាក់ស្តែង​របស់​ទុយោក្រដាសទាំងនោះ។

នៅឆ្នាំ ២០១៩ យុទ្ធនាការរបស់លោក Trump បាននិយាយពីការលក់ដែលអាចប្រើឡើងវិញបានដែលមានម៉ាកយីហោជាមួយឈ្មោះរបស់គាត់។ ការពិពណ៌នារបស់ផលិតផលបាននិយាយថា៖ «ទុយោក្រដាសសេរីមិនដំណើរការទេ។ ឈរជាមួយប្រធានាធិបតី TRUMP ហើយទិញកញ្ចប់ទុយោដែលអាចកែច្នៃឡើងវិញបាននៅថ្ងៃនេះ។ ទុយោត្រូវបានលក់ជាកញ្ចប់ ១០ ក្នុងតម្លៃ ១៥ ដុល្លារ ហើយគំនិតផ្តួចផ្តើមនេះត្រូវបានគេរាយការណ៍ថាប្រមូលលុយបានជិត ៥០០.០០០ ដុល្លារ៕

ប្រែសម្រួលៈ ណៃ តុលា

To Top