ព័ត៌មានអន្តរជាតិ

លោក Ishiba និងលោក ត្រាំ ប្តេជ្ញាបន្ត “យុគសម័យមាសថ្មី” នៃទំនាក់ទំនងជប៉ុន-អាមេរិក

kyodo

វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីបន្ត “យុគសម័យមាសថ្មី” នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន នៅក្នុងកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូង ដោយសន្យាបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯសេតវិមានបន្ទាប់ពីកិច្ចប្រជុំកំពូល លោក ត្រាំ បានឲ្យដឹងថា លោកបានបញ្ជាក់ជាមួយលោក Ishiba ថា សម្ព័ន្ធភាពទ្វេភាគីនៅតែជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ ចំពេលមានបញ្ហាប្រឈមផ្នែកសន្តិសុខទាក់ទងនឹងប្រទេសចិន និងកូរ៉េខាងជើង។

លោក ត្រាំ បានលើកឡើងថា “សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តទាំងស្រុង ចំពោះសន្តិសុខរបស់ប្រទេសជប៉ុន។ យើងនឹងពង្រីកកម្លាំងពេញលេញនៃសមត្ថភាពរារាំងរបស់អាមេរិក និងការការពារមិត្ត និងសម្ព័ន្ធមិត្តរបស់យើង ១០០ភាគរយ” ។

លោក បានបន្ថែមថា ពួកគេបានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងការវិនិយោគ ថាមពល បញ្ញាសិប្បនិមិត្ត អ៊ីនធឺណេត និងលំហអាកាស ខណៈដែលលោក Ishiba បាននិយាយថា ពួកគេបានចែករំលែកទស្សនៈថា ប្រទេសទាំងពីរនឹង “យកភាពជាដៃគូទៅកាន់កម្រិតខ្ពស់ជាងនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top