ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អេហ្ស៊ីប និងប្រធាន​អង្គការ​សហ​ប្រជាជាតិ ច្រាន​ចោល​ការ​ផ្លាស់​ប្តូរ​ទីលំនៅជនជាតិ​ប៉ាឡេស្ទីន​ពី​តំបន់ហ្គាហ្សា

afp

គែរ៖ ប្រធានាធិបតី​អេហ្ស៊ីប លោក Abdel-Fattah al-Sisi និង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​សន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ ក្នុងអំឡុងពេល​ដែល​អ្នកទាំងពីរបាន​បញ្ជាក់​ពីការ​ច្រានចោល​ការ​ផ្លាស់​ប្តូរ​ជនជាតិ​ប៉ាឡេស្ទីន​ចេញពី​តំបន់ហ្គាហ្សា។

យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប អ្នកទាំងពីរបានអំពាវនាវឱ្យពន្លឿនការកសាងតំបន់ហ្គាហ្សាឡើងវិញ បដិសេធរាល់ការប៉ុនប៉ងផ្លាស់ប្តូរទីលំនៅរបស់ប៉ាឡេស្ទីន និងបានជំរុញឱ្យមានការខិតខំប្រឹងប្រែងជាសកលដើម្បីធានាថា ប៉ាឡេស្ទីន នៅតែមាននៅក្នុងទឹកដីរបស់ពួកគេ។

សេចក្តីថ្លែងការណ៍បានបង្ហាញថា ដំណោះស្រាយរដ្ឋពីរ ជាមួយនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលមានទីក្រុងហ្សេរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួនដោយផ្អែកលើព្រំដែនឆ្នាំ១៩៦៧ គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបាននូវសន្តិភាពប្រកបដោយនិរន្តរភាព និងស្ថិរភាពដែលចង់បាននៅមជ្ឈិមបូព៌ា។

សេចក្តីថ្លែងការណ៍បានបង្ហាញថា ពួកគេក៏បានយល់ព្រមលើតួនាទីកណ្តាលរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា (UNRWA) និងតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងជាសកល ដែលបានសម្របសម្រួលដើម្បីគាំទ្រ UNRWA ដើម្បីអនុវត្តភារកិច្ចរបស់ខ្លួនស្របតាមដំណោះស្រាយ ដែលពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា កិច្ចពិភាក្សាតាមទូរស័ព្ទនេះក៏បានប៉ះពាល់ដល់ការអភិវឌ្ឍន៍នៅក្នុងប្រទេសលីបង់ ស៊ីរី ស៊ូដង់ លីប៊ី និងសូម៉ាលីផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top