ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ ក្រុមហ៊ុន Nippon Steel នឹងមិនមានភាគហ៊ុនភាគច្រើន នៅក្នុងក្រុមហ៊ុន US Steel នោះទេ

AFP

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ក្រុមហ៊ុន Nippon Steel Corp. នឹងមិនមានភាគហ៊ុនភាគច្រើននៅក្នុង United States Steel Corp. នោះទេ ដោយបានបង្ហាញពីការសង្ស័យបន្ថែមទៀត លើផែនការទិញយកដ៏ចម្រូងចម្រាសចំនួន ១៤,១ ពាន់លានដុល្លាររបស់ក្រុមហ៊ុនអាមេរិក ដ៏ល្បីល្បាញដោយក្រុមហ៊ុនជប៉ុនមួយនេះ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “គ្មាននរណាម្នាក់អាចមានភាគហ៊ុនភាគច្រើននោះទេ” នៅក្នុងក្រុមហ៊ុន US Steel នោះ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានលើកឡើង បន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba នៅសេតវិមានថា ក្រុមហ៊ុន Nippon Steel នឹង “វិនិយោគច្រើន” នៅក្នុងក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិក ដែលកំពុងតែតស៊ូ ជំនួសឱ្យការស្វែងរកកម្មសិទ្ធិពេញលេញ។

មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន Nippon Steel បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនមិនបានដឹងពីការកត់សម្គាល់របស់លោក ត្រាំ ដែលទំនងជាបដិសេធក្រុមហ៊ុនជប៉ុន ដែលទិញភាគហ៊ុនភាគច្រើននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក ត្រាំ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាជាមួយលោក Ishiba បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេកាលពីថ្ងៃសុក្រថា លោកមានក្តីរំភើប ចំពោះកិច្ចប្រជុំជាមួយ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nippon Steel នៅសប្តាហ៍ក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់រូបនេះបានឲ្យដឹងថា មិនមានកាលវិភាគណាមួយត្រូវបាន កំណត់សម្រាប់អ្នកតំណាងរបស់ខ្លួន ដើម្បីធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនោះទេ។

ទាំងលោក ត្រាំ និងអ្នកស្នងតំណែងមុនរបស់លោក គឺលោក ចូ បៃដិន បានជំទាស់ម្តងហើយម្តងទៀត ចំពោះការលក់ក្រុមហ៊ុនផលិត ដែករបស់សហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Nippon Steel ។ ការរារាំងរបស់លោក បៃដិន លើកិច្ចព្រមព្រៀង ១៤,១ពាន់លានដុល្លារ រវាងក្រុមហ៊ុនផលិតដែកកាលពីដើមខែមករា ដោយលើកឡើងពីការព្រួយបារម្ភផ្នែក សន្តិសុខបានជំរុញឱ្យក្រុមហ៊ុនដាក់ពាក្យបណ្តឹង ដើម្បីលុបចោលការសម្រេចចិត្តរបស់លោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top