បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត Al Mal បានរាយការណ៍ដោយដកស្រង់ ប្រភពពីប្រភពនានាថា ប្រទេសអេហ្ស៊ីបបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនប្រេង Lukoil ក្នុងការរុករក និងអភិវឌ្ឍតំបន់សំខាន់មួយសម្រាប់ផលិតប្រេង។
ការសម្រេចចិត្តរបស់សមាជិក BRICS មួយនេះត្រូវបានធ្វើឡើងក្រោយ រយៈពេលតែមួយខែប៉ុណ្ណោះបន្ទាប់ពី សហរដ្ឋអាមេរិកបានកំណត់គោលដៅ ដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុមហ៊ុន Lukoil ដែលជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ប្រទេសរុស្សី។
Al Mal បានសរសេរទៀតថា ក្រុមហ៊ុនប្រេងយក្សរុស្ស៊ីនឹង វិនិយោគយ៉ាងហោចណាស់២២,៥ លានដុល្លារក្នុងរយៈពេល ៦ឆ្នាំទៅក្នុងសម្បទាន South Wadi Al-Sahel ។ គេសង្កេតឃើញថា មិនដូចដំណើរការដេញថ្លៃបែបប្រពៃណីទេ សម្បទានត្រូវបានផ្តល់ជូនតាមរយៈកិច្ចព្រមព្រៀងផ្ទាល់រវាងក្រសួងប្រេង របស់ប្រទេសអេហ្ស៊ីប និងក្រុមហ៊ុន Lukoil ។
កិច្ចព្រមព្រៀងដែលបានរាយការណ៍មក ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័នជាច្រើនដែលរដ្ឋាភិបាលអេហ្ស៊ីប បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបរទេស កាលពីដើមខែនេះហើយ គម្រោងទាំងនោះរួមបញ្ចូលទាំងការបណ្តាក់ទុន នៅតំបន់វាលខ្សាច់ភាគខាងលិច និងតំបន់ស៊ីណៃខាងជើងដែល មានទឹកប្រាក់សរុបប្រមាណ ២២៥,៣ លានដុល្លារផងដែរ។
ក្រុមហ៊ុន Lukoil គឺជាក្រុមហ៊ុនប្រេង និងឧស្ម័នដែលត្រូវបានជួញដូរ ជាសាធារណៈដ៏ធំបំផុតមួយនៅក្នុងពិភពលោក ដែលមានចំនួនប្រហែល២ភាគរយ នៃផលិតកម្មប្រេងរបស់ពិភពលោកដែលវា ក៏ត្រូវបានស្គាល់ថាជាក្រុមហ៊ុនឯកជនធំបំផុតរបស់រុស្ស៊ី ទាក់ទងនឹងប្រាក់ចំណូលផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី