ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ កូរ៉េខាងត្បូងថា លោកមិនបានទទួល បញ្ជាពីប្រធានាធិបតី Yoon Suk Yeol ដើម្បីផ្តាច់ទឹក ផ្តាច់ភ្លើង នៅស្នាក់ការ សារព័ត៌មានជាច្រើន

Yonhap News

បរទេស ៖ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របស់ប្រទេសកូរ៉េខាងត្បូង លោក Lee Sang-min នៅថ្ងៃអង្គារនេះ បានបដិសេធ ថា លោកមិនបានបញ្ជា ឱ្យកាត់ផ្តាច់ភ្លើង និងទឹកដល់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ក្នុងអំឡុងពេលដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លី ឬបានទទួលការណែនាំបែបនេះពីប្រធានាធិបតី Yoon Suk Yeol នោះទេ ។

យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lee បានធ្វើការកត់សម្គាល់ ក្នុងនាមជាសាក្សីក្នុងអំឡុង ពេលសវនាការជាផ្លូវការលើកទី៧ នៃការកាត់ទោសទម្លាក់លោក Yoon នៅតុលាការធម្មនុញ្ញ ដោយសំដៅលើការចោទប្រកាន់នៅ ក្នុងការចោទប្រកាន់ របស់ព្រះរាជអាជ្ញាថា លោក Yoon ដែលប្រធានាធិបតី បានបញ្ជាឱ្យគាត់នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី ៣ ខែធ្នូ ឱ្យកាត់ផ្តាច់ភ្លើង និងទឹកដល់ស្នាក់ការសារព័ត៌មាន Hankyoreh , Kyunghyang Shinmun, MBC- និង JTBC ប្រព័ន្ធផ្សព្វផ្សាយដែលបានរិះគន់លោក Yoon ក៏ដូចជាទីភ្នាក់ងារស្ទង់មតិ Flower Research ។

លោក Lee បាននិយាយថា “វិធានការបែបនេះ ត្រូវបានដកចេញទាំងស្រុងពីច្បាប់អាជ្ញាសឹក (ក្រឹត្យ) ដូច្នេះខ្ញុំមិនគិតថា មានហេតុផលដើម្បីផ្តល់ការណែនាំ បែបនេះទេ” ។ លោកបានបន្ថែមថា “វាគឺជាការពិតដែលគេដឹងហើយថា រដ្ឋមន្ត្រីមហាផ្ទៃគ្មានសិទ្ធិអំណាចបញ្ជាប៉ូលីស ឬភ្នាក់ងារពន្លត់អគ្គីភ័យទេ ហើយប្រធានាធិបតីដឹងច្បាស់ជាងអ្នកណាទាំងអស់ ដូច្នេះគាត់នឹងមិនផ្តល់ការណែនាំបែបនេះដល់ខ្ញុំទេ” ។

ទោះជាយ៉ាងណាក៏ដោយ លោក Lee បានទទួលស្គាល់ថា គាត់បានឃើញកំណត់ត្រាមួយនៅលើតុរបស់លោក Yoon ដែលមានពាក្យថា “National Fire Agency chief ” និងរាយឈ្មោះអ្នកសារព័ត៌មាន និងភ្នាក់ងារបោះឆ្នោត។

លោកបាននិយាយថា៖ «ខ្ញុំបានឃើញកំណត់ត្រាមួយចំនួនពីចម្ងាយ នៅក្នុងការិយាល័យប្រធានាធិបតី ហើយម្នាក់ក្នុងចំណោមនោះ បាននិយាយអំពីភ្នាក់ងារពន្លត់អគ្គិភ័យ ដែលបានកាត់ផ្តាច់ភ្លើង និងទឹក៕
ប្រែសម្រួលៈ ណៃ តុលា

To Top