បរទេស៖ យន្តហោះ Boeing 777-300ER ធ្វើដំណើរទៅទីក្រុងមូស្គូ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Aeroflot Airlines ជាមួយនឹងអ្នកដំណើរ ចំនួន ៣៤៦នាក់ បានចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីមានបញ្ហា ឧបករណ៍ចុះចតខាងមុខ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ជើងហោះហើរ SU277 ទៅទីក្រុងមូស្គូ បានចាកចេញពីអាកាសយានដ្ឋានភូកេត នៅម៉ោង ៣ និង២០នាទី រសៀលថ្ងៃចន្ទ ហើយបានធ្វើដំណើរជុំវិញសមុទ្រ Andaman និងឈូងសមុទ្រថៃអស់រយៈពេល ៥ ម៉ោង មុនពេលស្វែងរកការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានសុវណ្ណភូមិក្នុងខេត្ត Samut Prakan ។
មានសេចក្តីរាយការណ៍មកថា បន្ទាប់ពីហោះឡើង កង់ខាងមុខរបស់យន្តហោះបានថយ ប៉ុន្តែគម្របរបស់វាមិនអាចបិទបាន។ បន្ទាប់មក អ្នកបើកយន្តហោះបានបើកយន្តហោះហោះជុំវិញលើសមុទ្រ Andaman និងឈូងសមុទ្រថៃ ដើម្បីដុតប្រេងឥន្ធនៈ មុនពេលចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានសុវណ្ណភូមិ។
លោក Kittipong Kittikachorn អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានសុវណ្ណភូមិ បាននិយាយថា យន្តហោះបានចុះចតនៅម៉ោង ៩ និង១១នាទីយប់ ហើយបានឈប់នៅចំណតលេខ ១១៥។
លោកបានដកស្រង់សម្ដីរបស់ក្រុមហ៊ុន Aeroflot ដែលបានរាយការណ៍ថា សមាជិកនាវិក ១៥ នាក់ និងអ្នកដំណើរ ៣៣១ នាក់នឹងស្នាក់នៅសណ្ឋាគារមួយនៅខាងក្រៅព្រលានយន្តហោះ ដោយរង់ចាំជើងហោះហើរមកជំនួស៕
ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)