ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរបស់ថៃថា នឹងចាប់ខ្លួនមេទ័ពរបស់មីយ៉ាន់ម៉ា ប្រសិនចូលក្នុងទឹកដីរបស់ថៃ

Photo: Karen Information Centre

បរទេស៖ លោកវីរៈសេនីយ៍ Saw Chit Thu មេដឹកនាំកងកម្លាំងការពារព្រំដែន Karen ដែលជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា (BGF) និងសហការីរបស់លោក នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេចូលប្រទេសថៃ , នេះបើតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់ថៃ លោក Phumtham Wechayachai បានទទូចកាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា កងកម្លាំងការពារព្រំដែន ការ៉ែន គ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆ្លងដែន ដែលមានការរៀបចំបានរាលដាល កើតឡើងនៅទីប្រជុំជន Shwe Kokko ក្បែរក្រុង Myawaddy ក្នុងរដ្ឋ Kayin ឆ្លងកាត់ព្រំដែនពីខេត្ត Tak។

នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) កំពុងស្វែងរកការយល់ព្រមពីតុលាការសម្រាប់ដីកាចាប់ខ្លួនលោក Saw Chit Thu និងមន្ត្រីជាន់ខ្ពស់ពីររូបផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែន។

លោក Phumtham ដែលជារដ្ឋមន្ត្រីការពារជាតិផងដែរបាននិយាយថា អាជ្ញាធរមានភស្តុតាងដើម្បីបន្តការចេញដីកាចាប់ខ្លួន។ លោកបន្ថែមថា ដំណើរការនេះអនុវត្តតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង។ ថៃមិនអាចចាត់វិធានការក្នុងទឹកដីមីយ៉ាន់ម៉ាបានទេ ព្រោះវានឹងបំពានអធិបតេយ្យភាព របស់ប្រទេសមួយទៀត។ ទោះជាយ៉ាងណា បើជនសង្ស័យណាម្នាក់ចូលទៅក្នុងប្រទេសថៃ សមត្ថកិច្ចនឹងចាប់ខ្លួនជាបន្ទាន់។

របាយការណ៍បង្ហាញថា លោកវីរៈសេនីយ៍ Saw Chit Thu ប្រហែលជានៅភាគខាងជើងប្រទេសថៃ ហើយអាជ្ញាធរនឹងពិនិត្យមើលថាតើ របាយការណ៍នេះជាការពិតឬយ៉ាងណា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top