វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃពុធ ដើម្បីកែលម្អសេវាកម្មបរទេស ដើម្បីធានា “ការអនុវត្តប្រកបដោយភាពស្មោះត្រង់ និងប្រកបដោយប្រសិទ្ធភាព” នៃរបៀបវារៈគោលនយោបាយការបរទេសរបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
បទបញ្ជានេះបានឲ្យដឹងថា ការខកខានក្នុងការអនុវត្តរបៀបវារៈ របស់ប្រធានាធិបតីគឺប្រឆាំងនឹងវិន័យវិជ្ជាជីវៈ ហើយអាចឈានទៅដល់ការបញ្ចប់បុគ្គលិក ឬហៅថាបញ្ចប់តួនាទី។ បទបញ្ជានេះបានកើតឡើងនៅពេលដែលលោក ត្រាំ បានបង្កើតការផ្លាស់ប្តូរ ដើម្បីធានាថាគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិកគឺស្របតាមរបៀបវារៈ “America First” របស់លោក។
បទបញ្ជាប្រតិបត្តិបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នឹងអនុវត្តកំណែទម្រង់ក្នុងការជ្រើសរើស ការអនុវត្ត ការវាយតម្លៃ និងការរក្សាស្តង់ដារ ដើម្បី “ធានាបាននូវកម្លាំងពលកម្មដែលប្តេជ្ញា អនុវត្តយ៉ាងស្មោះត្រង់នូវគោលនយោបាយការបរទេស របស់ប្រធានាធិបតី”។
បទបញ្ជានេះបានឲ្យដឹងថា “អ្នកការទូតត្រូវតែរក្សាកម្លាំងពលកម្មពិសេសនៃអ្នកស្នេហាជាតិ ដើម្បីអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព” ។ ប្រភពបានបន្ថែមថា “អ្នកការទូតត្រូវស្របតាមច្បាប់ជាធរមាន ធ្វើកំណែទម្រង់សេវាការបរទេស និងការគ្រប់គ្រងទំនាក់ទំនងបរទេស ដើម្បីធានាការអនុវត្តយ៉ាងស្មោះត្រង់ និងមានប្រសិទ្ធភាពនៃរបៀបវារៈ គោលនយោបាយការបរទេសរបស់ប្រធានាធិបតី”៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)