សម្លឹងមើលទៅកាន់ពិភពលោកបច្ចុប្បន្ន ប្រធានបទដែលត្រូវគេពិភាក្សាខ្លាំងបំផុត និងឈានមុខគេបំផុត គឺបញ្ញាសិប្បនិម្មិត ។ នៅខែមុន បន្ទាប់ពីម៉ូតធំ DeepSeek-R1 នៃសហគ្រាសចិនដែលទើបបង្កើតឡើងត្រូវបានដាក់បង្ហាញ ក៏បានធ្វើឱ្យមនុស្សមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើផ្ទៃអន្តរជាតិហើយធ្វើឱ្យទីផ្សារ Wall Streetមានការពិភាក្សាយ៉ាងសកម្ម ។ ប៉ុន្មានថ្ងៃជាប់មកនេះ ប្រទេសនានាបានចាត់វិធានការ ជាបន្តបន្ទាប់ជុំវិញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឧទាហរណ៍ ដូចជា សហរដ្ឋអាមេរិកបានប្រកាសក្ដែងៗពីផែនការ“Stargate” បារាំងនិងសហភាពអឺរ៉ុបក៏បានប្រកាសជាបន្តបន្ទាប់ថា នឹងផ្តល់ប្រាក់ទុនលើសពី១សែនលានប្រាក់អឺរ៉ូសម្រាប់ជំរុញការអភិវឌ្ឍនៃឧស្សាហកម្មបញ្ញាសិប្បនិម្មិត ។
ក្នុងបរិបទនេះ កិច្ចប្រជុំកំពូលស្តីពីប្រតិបត្តិការបញ្ញាសិប្បនិម្មិត ដែលបានរៀបចំធ្វើនៅក្រុងប៉ារីសប្រទេសបារាំងនាពេលកន្លងទៅនេះបានទាក់ទាញក្រសែចក្ខុរបស់ពិភពលោកទាំងមូល ។ ថ្នាក់ដឹកនាំឬតំណាងជាន់ខ្ពស់របស់ប្រទេសជាង៣០ ព្រមទាំងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិបានចូលរួមកិច្ចប្រជុំនេះ ។ ភាគីហត្ថលេខីចំនួន៦១ដូចជាបារាំង ចិននិងឥណ្ឌាជាដើមបានរួមគ្នាចេញផ្សាយ《សេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ប្រកបដោយបរិយាប័ន្ននិងចីរភាព ដើម្បីបង្កើតផលប្រយោជន៍ដល់មនុស្សជាតិនិងផែនដី》 ដោយសន្យាថា នឹងអភិវឌ្ឍបច្ចេកទេសនេះតាមទម្រង់បើកទូលាយ បរិយាប័ន្ននិងប្រកបដោយក្រមសីលធម៌ ។ ចាប់ពីបានប្រសូតឡើងនៅទស្សវត្សរ៍ឆ្នាំ៥០ នៃសតវត្សរ៍មុនមក បញ្ញាសិប្បនិម្មិតមិនដែលឈរនៅជួរមុខនៃវឌ្ឍនភាពខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមនុស្សជាតិដូចបច្ចុប្បន្នអ៊ីចឹងទេ ។ ក្នុងក្រសែភ្នែករបស់អ្នកមានសុទិដ្ឋិនិយមចំពោះបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតកំពុងចង្អុលបង្ហាញផ្លូវនៃកំណែទម្រង់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មលើកទីបួន ដែលមានឱកាសពាណិជ្ជកម្ម និងតម្លៃយុទ្ធសាស្ត្រយ៉ាងខ្លាំង វានឹងធ្វើវិទ្ធង្សនានិងកសាងពិភពលោកជាថ្មីឡើងវិញ ។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ សំឡេងព្រួយបារម្ភក៏បានកើនឡើងដែរ ។

បច្ចេកទេស“ក្លែងបន្លំកម្រិតខ្ពស់”បានធ្វើឱ្យព័ត៌មានក្លែងក្លាយមាន នៅពាសវាលពាសកាល ទស្សនៈលំអៀងខាងវិធីគណនានិងចន្លោះប្រហោងឡូស៊ិកជាដើមប្រហែលនឹងបណ្តាលឱ្យ កើតឧប្បត្តិហេតុសន្តិសុខដ៏ធ្ងន់ធ្ងរ និងការខាតបង់ខាងសេដ្ឋកិច្ច ។ការធ្វើយោធាភាវូបនីយកម្មខាងបញ្ញាសិប្បនិម្មិត កំពុងធ្វើវិទ្ធង្សនាទម្រង់សង្គ្រាមប្រពៃណី ហើយប្រហែលនឹងក្លាយជាឧបករណ៍ក្នុងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ។
អ៊ីចឹង តើសហគមន៍អន្តរជាតិនឹងរួមគ្នាក្តាប់ជាប់ឱកាស និងពុះពារឧបសគ្គតាមរបៀបណា? ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោក Zhang Guoqing តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinpingនិងជាឧបនាយករដ្ឋមន្ត្រីចិនបានថ្លែងសុន្ទរកថាថា ភាគីចិនបានចូលរួមអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិតប្រកបដោយទំនួលខុសត្រូវខ្ពស់ ស្វាគមន៍ភាគីនានាមកចូលរួមមហាសន្និបាតបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៥នៅប្រទេសចិន។ ប្រព័ន្ធសារព័ត៌មានបរទេសបានវាយតម្លៃថា ភាគីចិនចាត់បញ្ជូនគណៈប្រតិភូជាន់ខ្ពស់ឱ្យចូលរួមកិច្ចប្រជុំលើកនេះ គឺបង្ហាញពីគោលបំណងវិជ្ជមានរបស់ក្រុងប៉េកាំងចំពោះការពង្រឹងអភិបាលកិច្ចសកលខាងបញ្ញាសិប្បនិម្មិតនិងជំរុញការតាក់តែងក្បួនច្បាប់និងស្តង់ដារពាក់ព័ន្ធ។
កាលពីខែកក្កដាឆ្នាំ២០២៤ ចិនបានលើកឡើងសេចក្តីសម្រេចចិត្តស្តីពី ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិខាងការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ។ កាលពីខែវិច្ឆិកាឆ្នាំ២០២៤ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G២០ក្រុងRio de Janeiro ថា ត្រូវបង្កើនអភិបាលកិច្ចនិងកិច្ចសហប្រតិបត្តិការ អន្តរជាតិខាងបញ្ញាសិប្បនិម្មិត ធានាឱ្យបញ្ញាសិប្បនិម្មិតឆ្ពោះទៅរកសប្បុរសធម៌និងមានអំណោយផល ដល់មនុស្សជាតិទាំងមូល ហើយចៀសវាងកុំឱ្យវាក្លាយជា “ល្បែងរបស់ប្រទេសមាននិងអ្នកមាន”។
មិនថាមនុស្សជាតិបានត្រៀមលក្ខណៈឱ្យបានល្អឬអត់ ចរន្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខាងបញ្ញាសិប្បនិម្មិតបានមកដល់ហើយ ។ វាជា “អាវុធមុខពីរ” ដែលប្រហែលនឹងក្លាយជាកម្លាំងសម្រាប់កែលម្អ អភិបាលកិច្ចសង្គមនិងគាំពារសន្តិសុខអន្តរជាតិផង ហើយក៏ប្រហែលនឹងក្លាយជាប្រភពដែលគំរាមកំហែងយុត្តិធម៌និងសមភាព ក៏ដូចជាបំផ្លាញសន្តិភាពនិងស្ថិរភាពដែរ ។ តើអាចប្រើ “អាវុធមុខពីរ” នេះឱ្យបានល្អយ៉ាងដូចម៉េច? នេះជាបញ្ហារួមដែលប្រទេសនានា លើពិភពលោកបាននិងកំពុងប្រឈមមុខ ។ 《គំនិតផ្តួចផ្តើមអភិបាលកិច្ច បញ្ញាសិប្បនិម្មិតជាសកល》ដែលលើកឡើងដោយភាគីចិន បានផ្តល់នូវផែនការចិនសម្រាប់ឆ្លើយសំណួរនេះ ដែលគួរឱ្យពិភពលោកស្តាប់ គិតពិចារណានិងឆ្លើយតបយ៉ាងសកម្ម៕
