ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ចង់បានរ៉ែកម្ររបស់អ៊ុយក្រែន ស្មើនឹងតម្លៃ ៥០០ពាន់លានដុល្លារ

RT News

បរទេស៖ អ៊ុយក្រែន និងសហរដ្ឋអាមេរិក កំពុងពិចារណាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ, នេះបើយោងតាមមន្ត្រីនៃប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូលូឌីមៀ ហ្សេលេនស្គី, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Scott Bessent បានពណ៌នាកិច្ចព្រមព្រៀងដែលបានស្នើឡើងថា ជា “ខែលសន្តិសុខរយៈពេលវែង” ដ៏មានសក្តានុពលសម្រាប់អ៊ុយក្រែន នៅពេលដែលសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ីឈានដល់ទីបញ្ចប់។

លោក ហ្សេលេនស្គី បានបញ្ជាក់ថា អ៊ុយក្រែនបានទទួលសេចក្តីព្រាងដំបូងនៃកិច្ចព្រមព្រៀង ហើយបានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងចុងក្រោយអាចឈានដល់នៅទីក្រុង Munich ។ អ៊ុយក្រែន​មាន​បំណង​ទទួល​បាន​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ជា​បន្តទៀត ខណៈ​ដែល​ខ្លួន​ព្យាយាម​ឈរ​យ៉ាង​រឹងមាំ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ដែល​កំពុង​បន្ត។

ទន្ទឹមនឹងនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងចង់ធ្វើកិច្ចព្រមព្រៀងមួយសម្រាប់ធនធានរ៉ែកម្ររបស់អ៊ុយក្រែន ជាថ្នូរនឹងការបន្តគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែងសង្គ្រាមអ៊ុយក្រែន។

លោក ត្រាំ បានប្រាប់សារព័ត៌មាន Fox News នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទថា “ខ្ញុំបានប្រាប់ពួកគេ (អ៊ុយក្រែន) ថា ខ្ញុំចង់បានស្មើនឹងតម្លៃ ៥០០ ពាន់លានដុល្លារនៃរ៉ែកម្រ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top