ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ចង់ពិភាក្សាដកសព្វាវុធនុយក្លេអ៊ែ ជាមួយចិន និងរុស្ស៊ី

RT News

បរទេស៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកចង់ចាប់ផ្តើមកិច្ចចរចាគ្រប់គ្រងអាវុធនុយក្លេអ៊ែរឡើងវិញជាមួយរុស្ស៊ី និងចិន ហើយថា នៅទីបំផុតលោកសង្ឃឹមថាប្រទេសទាំងបីអាចយល់ព្រមកាត់បន្ថយថវិកាការពារជាតិដ៏ធំរបស់ពួកគេពាក់កណ្តាល។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval លោក ត្រាំ បានបង្ហាញការសោកស្ដាយចំពោះទឹកប្រាក់រាប់រយពាន់លានដុល្លារដែលត្រូវបានវិនិយោគក្នុងការកសាងឡើងវិញនូវការទប់ស្កាត់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយបាននិយាយថា លោកសង្ឃឹមថានឹងទទួលបានការប្តេជ្ញាចិត្តពីគូប្រជែងរបស់សហរដ្ឋអាមេរិកក្នុងការកាត់បន្ថយការចំណាយផ្ទាល់ខ្លួនរបស់ពួកគេ។

លោក ត្រាំ បាននិយាយថា “មិនមានហេតុផលសម្រាប់ពួកយើងក្នុងការផលិតអាវុធនុយក្លេអ៊ែរថ្មីនោះទេ។ យើង​មាន​ច្រើន​ហើយ, អ្នកអាចបំផ្លាញពិភពលោក ៥០ដង, ១០០ដង ហើយនៅទីនេះ យើងកំពុងផលិតអាវុធនុយក្លេអ៊ែរថ្មី ហើយពួកគេកំពុងផលិតអាវុធនុយក្លេអ៊ែរ»។

លោក ត្រាំ បាននិយាយថា “យើងទាំងអស់គ្នាកំពុងចំណាយប្រាក់ជាច្រើនដែលយើងអាចចំណាយលើរបស់ផ្សេងទៀតដែលតាមពិត សង្ឃឹមថានឹងមានផលិតភាពច្រើនជាងនេះ” ។

ខណៈពេលដែលសហរដ្ឋអាមេរិក និងរុស្ស៊ីបានស្តុកទុកអាវុធយ៉ាងច្រើនចាប់តាំងពីសង្គ្រាមត្រជាក់មក លោក ដូណាល់ ត្រាំ បានព្យាករណ៍ថា ប្រទេសចិននឹងតាមទាន់សមត្ថភាពរបស់ខ្លួននៃនុយក្លេអ៊ែរ “ក្នុងរយៈពេល ៥ ឬ ៦ ឆ្នាំ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top