ព័ត៌មានអន្តរជាតិ

អឺរ៉ុប ទាមទារតួនាទីក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន ក្រោយមានជំនួបតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន

AFP

ព្រុចសែល៖ សហភាពអឺរ៉ុប និងមេដឹកនាំអឺរ៉ុបមួយចំនួន បានទទូចចង់ដើរតួនាទីយ៉ាងសំខាន់ ក្នុងការចរចាសន្តិភាពអ៊ុយក្រែន ដែលមានសក្តានុពល ដោយបានសម្តែងការព្រួយបារម្ភអំពីការចាកចេញ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃពុធ។

យោងតាមសេចក្តីប្រកាសព័ត៌មានទាំងពីសេតវិមាន និងវិមានក្រឹមឡាំង មេដឹកនាំទាំងពីរបានពិភាក្សាអំពី បទឈប់បាញ់ភ្លាមៗនៅអ៊ុយក្រែន ដោយមិនពិគ្រោះជាមួយសហភាពអឺរ៉ុប ឬអ៊ុយក្រែនឡើយ។ ជាការឆ្លើយតប សហភាពអឺរ៉ុប បានទាមទារជាផ្លូវការនូវអាសនៈនៅតុចរចា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រី Paula Pinho ប្រធានអ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “សន្តិសុខអ៊ុយក្រែនគឺជាសន្តិសុខរបស់អឺរ៉ុប។ លោកស្រីបានសង្កត់ធ្ងន់ថា “ប្រសិនបើមានការពិភាក្សាអំពីសន្តិសុខរបស់អ៊ុយក្រែន អឺរ៉ុបមានការព្រួយបារម្ភ។ ប្រសិនបើមានការពិភាក្សាអំពីសន្តិសុខរបស់អឺរ៉ុប វាក៏ពាក់ព័ន្ធនឹងអ៊ុយក្រែនផងដែរ”។

អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប Kaja Kallas បានពង្រឹងជំហរនេះដោយចែករំលែក សេចក្តីថ្លែងការណ៍រួមមួយពីកិច្ចប្រជុំនៅទីក្រុងប៉ារីស ជាមួយសមភាគីរបស់លោកស្រីគឺបារាំង អាល្លឺម៉ង់ ប៉ូឡូញ អេស្ប៉ាញ និងអង់គ្លេស។ សេចក្តីថ្លែងការណ៍បានទទូចលើ ការចូលរួមរបស់អ៊ុយក្រែន និងអឺរ៉ុប នៅក្នុងការចរចាពាក់ព័ន្ធណាមួយ ដោយបញ្ជាក់ពីតម្រូវការសម្រាប់សន្តិភាព ដែលធានាបានទាំងផលប្រយោជន៍អឺរ៉ុប និងអ៊ុយក្រែន ខណៈពេលដែលបង្ហាញពីឆន្ទៈក្នុងការ ចូលរួមជាមួយសហរដ្ឋអាមេរិក។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ Petteri Orpo ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃការចូលរួមរបស់អឺរ៉ុបនៅក្នុងដំណើរការ សន្តិភាពណាមួយរបស់អ៊ុយក្រែន។ លោកបានបញ្ជាក់ថា “បញ្ហាអ៊ុយក្រែនមិនអាចត្រូវបានព្រមព្រៀង ដោយគ្មានអ៊ុយក្រែននោះទេ ហើយសន្តិសុខអឺរ៉ុបក៏មិនអាចត្រូវបាន ព្រមព្រៀងដែរបើគ្មានអឺរ៉ុបដែរ”។

បន្ទាប់ពីការហៅរបស់លោកជាមួយលោកពូទីន លោក ត្រាំ បានទូរស័ព្ទទៅប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ប៉ុន្តែនៅពេលនិយាយទៅកាន់សារព័ត៌មានអាមេរិក លោកបានបដិសេធការវិលត្រឡប់ របស់អ៊ុយក្រែនទៅកាន់ព្រំដែនមុនឆ្នាំ២០១៤ ដែលជាលក្ខខណ្ឌសំខាន់របស់ទីក្រុងគៀវ សម្រាប់កិច្ចពិភាក្សាជាមួយទីក្រុងម៉ូស្គូ។ លោក ត្រាំ ក៏បានសម្តែងការគាំទ្រ ចំពោះការប្រកាសរបស់ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth នៅទីក្រុងព្រុចសែលថា សមាជិកភាពរបស់អ៊ុយក្រែននៃ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)  ជាផ្នែកមួយនៃការចរចា ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top