បរទេស៖ ប្រទេសថៃកំពុងពិចារណាលើសំណើសាងសង់ជញ្ជាំងព្រំដែនចម្ងាយ ៥៥ គីឡូម៉ែត្រតាមបណ្តោយព្រំដែនកម្ពុជាក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ Thanathip Sawangsaeng បាននិយាយកាលពីថ្ងៃទី១៣ ខែកុម្ភៈថា សំណើសម្រាប់សង់ជញ្ជាំងព្រំដែននេះត្រូវបានលើកឡើងជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ខេត្ត Aranyaprathet មួយថ្ងៃមុននេះ។
សំណើនេះត្រូវបានដាក់រួមដោយប៉ូលិស មន្ត្រីយោធា និងក្រសួងមហាផ្ទៃ ដើម្បីជាវិធានការពង្រឹងកិច្ចប្រឹងប្រែងប្រឆាំងការជួញដូរមនុស្ស និងគ្រឿងញៀនតាមបណ្តោយព្រំដែនថៃ-កម្ពុជា។
លោកឧត្តមសេនីយ៍ Thanathip បានពន្យល់ថា បច្ចុប្បន្ននេះ ប្រវែង ៥៥គីឡូម៉ែត្រ នៃព្រំដែន ១៦៥ គីឡូម៉ែត្រ ត្រូវបានធានាសុវត្ថិភាពដោយលួសបន្លា ខណៈដែលនៅសល់មានដីធម្មជាតិ ដែលអាចត្រូវប្រើប្រាស់ពីពលរដ្ឋខ្មែរ ក្នុងការប៉ុនប៉ងចូលប្រទេសថៃដោយខុសច្បាប់ ឬដោយឧក្រិដ្ឋជនរត់ពន្ធមនុស្ស ឬគ្រឿងញៀនឆ្លងព្រំដែន៕
ប្រែសម្រួលៈ ណៃ តុលា
