ព័ត៌មានអន្តរជាតិ

ហ្វីលីពីនបង្កើនកិច្ចខិតខំប្រឹងប្រែងការពារជាតិ ចំពេលមានភាពតានតឹងជាមួយចិន

afp

បរទេស៖ ហ្វីលីពីនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយនឹងប្រទេសប្រជាធិបតេយ្យដែលមានគំនិតដូចគ្នាមួយចំនួន ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងម៉ានីល កំពុងព្យាយាមសម្រេចកិច្ចព្រមព្រៀងការពារជាតិសំខាន់ៗជាមួយកាណាដា និងប្រទេសនូវែលសេឡង់ ហើយស្វែងរកលទ្ធភាពនៃការពង្រីកសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូការពារដ៏សំខាន់របស់ខ្លួន។

ក្រុមអ្នកវិភាគនិយាយថា ការអភិវឌ្ឍន៍នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ានីល ដើម្បីទប់ទល់នឹងសកម្មភាពដែនសមុទ្រដ៏ឈ្លានពានរបស់ចិន នៅជិតតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះជាច្រើននៅក្នុងសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងថាជាទឹកដីរបស់ខ្លួន។

លោក Collin Koh អ្នកជំនាញផ្នែកសន្តិសុខដែនសមុទ្រនៅសាលា S. Rajaratnam School of International Studies របស់ប្រទេសសិង្ហបុរីបាននិយាយថា “ហ្វីលីពីនកំពុងព្យាយាមបង្កើនសមត្ថភាពរបស់ពួកគេដើម្បីរារាំងប្រទេសចិន ឱ្យបានគ្រប់គ្រាន់ដោយដាក់ការសង្កត់ធ្ងន់ជាច្រើនលើសន្ធិសញ្ញាការពារទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលពង្រីកបណ្តាញ នៃកិច្ចសហប្រតិបត្តិការទៅកាន់ប្រទេសប្រជាធិបតេយ្យដែលមានគំនិតដូចគ្នា” ។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Gilberto Teodoro Jr. បានពណ៌នាអំពីកិច្ចព្រមព្រៀងការពារជាតិជាមួយកាណាដា និងនូវែលសេឡង់ថាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ានីលដើម្បី “កសាង និងពង្រឹង” សម្ព័ន្ធភាពជាមួយប្រទេសដែលមានគំនិតដូចគ្នា៕

ប្រែសម្រួលៈ ណៃ តុលា

To Top