ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី ៖ ការលើកលែងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់លោក ត្រាំ ស្ថិតក្រោមការពិចារណា

ABC News

កង់បេរ៉ា៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អាន់តូនី អាល់បានី បានឲ្យដឹងថា ការលើកលែងសម្រាប់អូស្ត្រាលីពីពន្ធគយរបស់សហរដ្ឋអាមេរិក លើការនាំចូលដែកថែបនិងអាលុយមីញ៉ូម កំពុងស្ថិតក្រោមការពិចារណា ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា លោកបាននិយាយជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហើយបានបង្ហាញករណីរបស់អូស្ត្រាលី សម្រាប់ការលើកលែងពីពន្ធ ២៥ ភាគរយលើអាលុយមីញ៉ូម និងដែកថែប។

លោក អាល់បានី បានលើកឡើងថា “ប្រធានាធិបតីសហរដ្ឋអាមេរិក បានយល់ព្រមថាការលើកលែង គឺស្ថិតនៅក្រោមការពិចារណានៅក្នុងផលប្រយោជន៍នៃប្រទេសទាំងពីរ”។ ដោយបានសាទរដល់ការចាប់ផ្តើម “យ៉ាងខ្លាំង” ចំពោះទំនាក់ទំនងជាមួយរដ្ឋបាលលោក ត្រាំ អាណត្ដិទីពីរ លោកបានបន្ដថា ប្រទេសទាំងពីរ នឹងបន្ត “ទំនាក់ទំនងការទូត” ។

លោកបានបន្ដថា “វាជាការពិភាក្សាក្នុងន័យស្ថាបនា និងកក់ក្តៅបំផុត”។ នៅព្រឹកថ្ងៃអង្គារនេះ រដ្ឋមន្ត្រីក្រសួងធនធាន Madeleine King បានប្រាប់វិទ្យុសាជីវកម្មផ្សព្វផ្សាយអូស្ត្រាលីថា រដ្ឋាភិបាលកំពុងទាក់ទងជានិច្ចជាមួយរដ្ឋបាលសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក អាល់បានី បានឲ្យដឹងកាលពីថ្ងៃចន្ទថា លោកបានកំណត់ពេលពិភាក្សាជាមួយលោក ត្រាំ អំពីការដំឡើងពន្ធថ្មី បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីលោក Don Farrell បានលើកឡើងថា រដ្ឋាភិបាល កំពុងធ្វើការលើការលើកលែង។ អូស្ត្រាលីធ្លាប់បានចរចាលើកលែងពន្ធរយៈពេលដំបូងរបស់លោក ត្រាំ លើដែកថែប និងអាលុយមីញ៉ូម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top