បរទេស៖ មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើត “កងកម្លាំងប្រដាប់អាវុធអឺរ៉ុប” ដែលជាកម្លាំងយោធាទូទាំងទ្វីប ដែលអាចទប់ទល់នឹងការគំរាមកំហែងដែលអាចកើតមាននាពេលអនាគត ដោយគ្មានជំនួយពីសហរដ្ឋអាមេរិក ឬណាតូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកបានផ្សព្វផ្សាយគំនិតនេះនៅឯសន្និសិទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ ដោយបានរំលឹកឡើងវិញនូវការព្រមានពីមុនរបស់លោកថា រុស្ស៊ីអាចវាយប្រហារសហភាពអឺរ៉ុប បន្ទាប់ពីជម្លោះអ៊ុយក្រែនបានបញ្ចប់ ដែលជាគំនិតដែលក្រុងម៉ូស្គូបានច្រានចោលម្តងហើយម្តងទៀតថាមិនសមហេតុសមផល។
យោងតាមលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី , បច្ចុប្បន្នអ៊ុយក្រែនកំពុង “រារាំងរុស្ស៊ី” ពីការបើកប្រតិបត្តិការយោធានៅក្នុងប្រទេសផ្សេងទៀតនៃទ្វីបដោយលោកអរគុណចំពោះជំនួយបរទេស ហើយដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងដែលបានសន្មតថា “អឺរ៉ុបត្រូវតែមានភាពគ្រប់គ្រាន់ដោយខ្លួនឯង រួបរួមដោយកម្លាំងរួម” ។
លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា វាចាំបាច់ក្នុងការចាប់ផ្តើមធ្វើការលើគម្រោងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយហេតុថា “ឥឡូវនេះយើងមិនអាចបដិសេធលទ្ធភាពដែលអាមេរិកអាចនិយាយថាទេចំពោះអឺរ៉ុបលើបញ្ហាដែលគំរាមកំហែង” ។“មេដឹកនាំជាច្រើនបាននិយាយអំពីអឺរ៉ុបត្រូវការយោធារបស់ខ្លួន ដែលជាកងទ័ពរបស់អឺរ៉ុប ហើយខ្ញុំពិតជាជឿថាពេលវេលាបានមកដល់ហើយ កងកម្លាំងប្រដាប់អាវុធរបស់អឺរ៉ុបត្រូវតែបង្កើតឡើង៕
ប្រែសម្រួលៈ ណៃ តុលា
