ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោលការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន ដោយក្រុមប្រទេស G7

Xinhua

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានច្រានចោលទាំងស្រុង នូវការចោទប្រកាន់ “គ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវ” នាពេលថ្មីៗនេះ ដោយក្រុមប្រទេស ទាំងប្រាំពីរ (G7) ប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេស G7 និង តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ មួយបន្ទាប់ពីកិច្ចប្រជុំ ដែលធ្វើឡើង នៅគែមនៃសន្និសិទសន្តិសុខទីក្រុងមុយនិក ដែលក្នុងនោះពួកគេបានចោទ ប្រកាន់អ៊ីរ៉ង់ថាបានអនុវត្ត “សកម្មភាពអស្ថិរភាព រួមទាំងការរីកចំរើនយ៉ាងឆាប់រហ័ស នៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយគ្មានហេតុផលស៊ីវិលគួរឱ្យទុកចិត្ត ការសម្របសម្រួល នៃអង្គការភេរវកម្ម និងក្រុមប្រដាប់អាវុធនៅទូទាំងមជ្ឈឹមបូព៌ា និងសមុទ្រក្រហម និងការរំលោភសិទ្ធិមនុស្សជាមូលដ្ឋាន”។

ពួកគេក៏បានថ្កោលទោសចំពោះ “ការរីកសាយភាយនៃមីស៊ីលផ្លោង និងយន្តហោះដ្រូន” របស់អ៊ីរ៉ង់ផងដេរ។ លោក Baghaei បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយផ្នែកអាវុធ និងហិរញ្ញវត្ថុរបស់ប្រទេស G7 សម្រាប់អ៊ីស្រាអែល និងការជ្រៀតជ្រែកផ្នែកយោធា និងនយោបាយរបស់ពួកគេនៅក្នុងតំបន់អាស៊ីខាងលិច គឺជាសកម្មភាព “អស្ថិរភាព” ពិតប្រាកដនៅក្នុងតំបន់ ដោយជំរុញឱ្យប្រទេសទាំងនោះ បញ្ឈប់គោលនយោបាយ “ជ្រៀតជ្រែក” របស់ពួកគេ ដើម្បីស្ដារស្ថិរភាព និងសន្តិសុខក្នុងតំបន់។

លោក Baghaei បានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ង់មាន “សិទ្ធិ និងការទទួលខុសត្រូវស្របច្បាប់” ដើម្បីការពារប្រជាជនអ៊ីរ៉ង់ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិប្រឆាំងនឹងការគំរាមកំហែង និងការឈ្លានពានណាមួយ ដោយសង្កត់ធ្ងន់ថា ការពង្រីកសមត្ថភាពយោធា និងការការពាររបស់អ៊ីរ៉ង់ ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិគឺចាំបាច់ សម្រាប់ទីបញ្ចប់ទាំងនោះ ព្រមទាំងសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់អាស៊ី ខាងលិចផងដែរ។

លោកបានបន្ថែមថា អ៊ីរ៉ង់បានរចនា និងកំពុងអនុវត្តសកម្មភាព នុយក្លេអ៊ែរដោយសន្តិវិធី ស្របតាមតម្រូវការបច្ចេកទេស និងឧស្សាហកម្មរបស់ខ្លួន ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចអន្តរជាតិក្រោម សន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងការពារជាមួយទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top