ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមហេសបូឡា ទាមទារឱ្យអ៊ីស្រាអែល ដកកងទ័ពចេញទាំងស្រុង ពីលីបង់ ត្រឹមថ្ងៃទី១៨ ខែកុម្ភៈ

Xinhua

បេរូត៖ អគ្គលេខាធិការក្រុម ហេសបូឡា លោក ណាអ៊ីម កាសេម បានឲ្យដឹងថា អ៊ីស្រាអែលត្រូវតែដកខ្លួនចេញ ពីប្រទេសលីបង់ទាំងស្រុង ត្រឹមថ្ងៃទី១៨ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ថ្ងៃនេះ យើងកំពុងប្រឈមមុខ នឹងកាលបរិច្ឆេទកំណត់ថ្ងៃទី១៨ ខែកុម្ភៈ ហើយកងទ័ពកាន់កាប់ត្រូវតែដកចេញទាំងស្រុង ពីភាគខាងត្បូងប្រទេសលីបង់ ។ វាមិនគួរមានមុខតំណែង ឬវត្តមានអ្វីទៀតឡើយ” ។ លោកបានបន្ថែមថា វាជាទំនួលខុសត្រូវរបស់រដ្ឋលីបង់ ក្នុងការ “ប្រឹងប្រែងគ្រប់បែបយ៉ាង” ដើម្បីធានាថា អ៊ីស្រាអែលដកខ្លួនទាន់ពេលវេលា ដូចដែលបានព្រមព្រៀងគ្នា។

កន្លងមក អ៊ីស្រាអែល បានពន្យារពេលការដកទ័ព ទាំងស្រុងពីលីបង់ ដល់ថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីខកខានកាលបរិច្ឆេទ កំណត់ដំបូង ។ យោធាអ៊ីស្រាអែល ក៏មានបំណងរក្សា ការគ្រប់គ្រងលើទី តាំងយុទ្ធសាស្ត្រចំនួន៥ នៅភាគខាងត្បូង ប្រទេសលីបង់ លើសពីកាលបរិច្ឆេទកំណត់ ដែលជាវិធានការមួយ ត្រូវបានបដិសេធ ដោយក្រុមហេសបូឡា។

លោក បានឲ្យដឹងក្នុងសុន្ទរកថាថា «គ្មានចំណុច៥ និងមិនមានព័ត៌មាន លម្អិតផ្សេងទៀតទេ នេះជាកិច្ចព្រមព្រៀង។ ទន្ទឹមនឹងនេះ កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយ ប្រហារតាមអាកាស កាលពីយប់ថ្ងៃអាទិត្យ ទៅលើតំបន់នានា នៅភាគខាងត្បូង ប្រទេសលីបង់ និងតំបន់ Bekaa ។

យោងតាមទីភ្នាក់ងារព័ត៌មានជាតិ របស់ប្រទេសលីបង់ (NNA) យន្តហោះចម្បាំង បានធ្វើការ វាយប្រហារ តាមអាកាសចំនួនពីរលើកនៅជាយក្រុង Harbata និងការវាយប្រហារតាមអាកាសលើកទីបី លើទីប្រជុំជន Halbata ដែលទាំងពីរស្ថិតនៅភាគខាងជើងជ្រលង Bekaa ក្នុងភាគខាងកើត ប្រទេសលីបង់។

NNA បានឲ្យដឹងទៀតថា យន្តហោះចម្បាំងអ៊ីស្រាអែលក៏បាន បើកការវាយប្រហារ តាមអាកាសទៅលើទីក្រុង Wadi al-Zayni ភាគខាងជើងទីក្រុងស៊ីដុន ភាគខាងត្បូងប្រទេសលីបង់ ។ កិច្ចព្រមព្រៀងឈប់បាញ់ គ្នារវាងក្រុមហេសបូឡា និងយោធាអ៊ីស្រាអែល បានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានបញ្ឈប់ការ ប៉ះទង្គិចគ្នាជាងមួយឆ្នាំ ដែលបង្កឡើង ដោយសង្រ្គាមហ្គាហ្សា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top