ព័ត៌មានអន្តរជាតិ

លោក Lavrov ៖ ប្រទេសរុស្សី និងអាមេរិកព្រមព្រៀងទៅលើជំនួបពិភាក្សា ដើម្បីសន្តិភាពនៅអ៊ុយក្រែនបន្ថែមទៀត

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រកាសថា រុស្ស៊ី និងអាមេរិកបានព្រមព្រៀងគ្នាបង្កើតក្របខ័ណ្ឌមួយ សម្រាប់ការបញ្ចប់ជម្លោះអ៊ុយក្រែននាពេលខាងមុខ។

អ្នកការទូតកំពូលរុស្ស៊ី និងអាមេរិកបានជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ ដើម្បីរិះរកមធ្យោបាយស្តារទំនាក់ទំនងការទូត រៀបចំមូលដ្ឋានសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump និងជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការដោះស្រាយជម្លោះអ៊ុយក្រែន។

លោក Lavrov បានដឹកនាំគណៈប្រតិភូរុស្ស៊ី ដែលរួមមានលោក Yury Ushakov ដែលជាជំនួយការគោលនយោបាយការបរទេសកំពូលរបស់Putinផងដែរ។

លោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ក៏បានចូលរួមក្នុងដំណើរការចរចាផងដែរ។ ភាគីអាមេរិកត្រូវបានតំណាងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ទីប្រឹក្សាសន្តិសុខជាតិរបស់ Trump លោក Mike Waltz និង Steve Witkoff បេសកជនពិសេសរបស់វ៉ាស៊ីនតោនសម្រាប់តំបន់មជ្ឈិមបូព៌ាផងដែរ។

គួរឲ្យដឹងដែរថាទាំងអ៊ុយក្រែន និងសហភាពអឺរ៉ុបមិនបានចូលរួមក្នុងកិច្ចប្រជុំនេះទេ ដោយទីក្រុងគៀវបញ្ជាក់ថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលនៃកិច្ចពិភាក្សានេះទេ លុះត្រាតែមានការពាក់ព័ន្ធរបស់ភាគីរបស់ខ្លួនជាមុនសិន៕

ប្រែសម្រួល៖ ស៊ុនលី

To Top