ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ និងស៊ុយអែត សង្កត់ធ្ងន់ លើផលប្រយោជន៍ របស់អឺរ៉ុប ចំពោះកិច្ចខិតខំប្រឹងប្រែង សន្តិភាពអ៊ុយក្រែន ចំពេលការចរចា រវាងអាមេរិក និងរុស្ស៊ី

AFP
" "

ហែលស៊ីនគី៖ អ្នកនយោបាយហ្វាំងឡង់ និងស៊ុយអែត បានបញ្ជាក់ពីផលប្រយោជន៍របស់អឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលកំពុងបន្ត ខណៈដែលសហរដ្ឋអាមេរិក និង រុស្ស៊ី បានបើកកិច្ចចរចាបិទទ្វារ ស្តីពីការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នាយករដ្ឋមន្ត្រីហ្វាំងឡង់លោក Petteri Orpo បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាននៅទីនេះថា ដំណោះស្រាយសន្តិភាព សម្រាប់អ៊ុយក្រែន មិនគួរមានការផ្លាស់ប្តូរចំពោះស្ថាបត្យកម្មសន្តិសុខរបស់អឺរ៉ុបទេ ហើយផលប្រយោជន៍របស់អឺរ៉ុប គួរតែជាផ្នែកមួយដ៏សំខាន់របស់វា ។ លោកបានសង្កត់ធ្ងន់ថា លទ្ធផលនៃកិច្ចចរចាសន្តិភាព នឹងមិនត្រឹមតែប៉ះពាល់ដល់អឺរ៉ុប ទាំងមូលប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ សន្តិសុខរបស់ហ្វាំងឡង់ផងដែរ ។

" "

លោក Orpo បានបញ្ជាក់ជាថ្មីនូវការគាំទ្រពេញទំហឹងរបស់ហ្វាំងឡង់ ចំពោះអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយបានអំពាវនាវ ឱ្យមានការគាំទ្រដ៏ធំបំផុត សម្រាប់អ៊ុយក្រែន។ នៅទីក្រុង Stockholm រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Maria Stenergard បានបន្ទរពីការព្រួយបារម្ភ ស្រដៀងគ្នានេះ ដោយសង្កត់ធ្ងន់ថា គ្មានអ្វីអាចចរចា បានដោយគ្មានអ៊ុយក្រែនទេ ហើយវាចាំបាច់ណាស់ ដែលផលប្រយោជន៍អឺរ៉ុប ត្រូវយកមកពិចារណា ក្នុងកិច្ចចរចាសន្តិភាព ដែលកំពុងបន្ត។

" "

លោកស្រីបានបន្ថែមថា ជំនួបរវាង សហរដ្ឋអាមេរិក និងរុស្ស៊ីមិនអាចចាត់ទុកថាជាការចរចាបានទេ ព្រោះអ៊ុយក្រែនមិនជាប់ពាក់ព័ន្ធ។ លោកស្រីបានព្រមានថា លទ្ធផល នៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នឹងមានផលប៉ះពាល់រយៈពេលវែងដល់សន្តិសុខអឺរ៉ុប។ សេចក្តីថ្លែងការណ៍ របស់ពួកគេ បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាបិទទ្វាររវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top