បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងមូស្គូមិនដែលបិទទ្វារលើការចរចាសន្តិភាពលើអ៊ុយក្រែនទេ ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃពុធបន្ទាប់ពីត្រូវបានសង្ខេប អំពីលទ្ធផលនៃកិច្ចប្រជុំរវាងតំណាងរុស្ស៊ី និងអាមេរិកនៅទីក្រុងរីយ៉ាដ។
ក្នុងនោះផងដែរមេដឹកនាំរុស្សីរូបនេះក៏បានបន្ថែមទៀតដែរថា វាគឺជាបញ្ហារបស់អឺរ៉ុប និងទីក្រុងគៀវ ដែលបានផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយរុស្ស៊ីប៉ុណ្ណោះ។
បើយោងតាមប្រធានាធិបតីរុស្ស៊ីបាននិយាយថា គ្មាននរណាម្នាក់មិនរាប់បញ្ចូលក្រុងកៀវចេញពីដំណើរការចរចាឡើយ។ លោក Putin បាននិយាយថា ទាំងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន រំពឹងថាអ៊ុយក្រែននឹងចូលរួម ហើយលោក Putin បាននិយាយថា វាភាគច្រើនអាស្រ័យលើអ៊ុយក្រែន និងសហភាពអឺរ៉ុប ក្នុងការសម្រេចចិត្តថាតើពួកគេចង់ចូលជាផ្នែកនៃកិច្ចចរចាឬអត់។
លោកបានសង្កត់ធ្ងន់ថាគឺក្រុងគៀវដែលហាមមន្ត្រីមិនឱ្យចូលរួមក្នុងកិច្ចចរចាណាមួយជាមួយក្រុងមូស្គូហើយ លោកបាននិយាយទៀតថា៖គេបានដកខ្លួនចេញពីការចរចានៅអ៊ីស្តង់ប៊ុល ហើយបានប្រកាសជាសាធារណៈបែបនេះផងដែរ។
គួរឲ្យដឹងដែរថាប្រធានាធិបតីរុស្សី ក៏បានធ្វើការសាទរចំពោះលទ្ធផលនៃកិច្ចចរចារុស្ស៊ី-អាមេរិក នៅរដ្ឋធានីអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារនេះដែរ៕
ប្រែសម្រួល៖ ស៊ុនលី
