តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានរក្សាទស្សនៈរបស់ខ្លួនថា សេដ្ឋកិច្ចជប៉ុនកំពុងងើបឡើងវិញក្នុងកម្រិតមធ្យមនៅក្នុងរបាយការណ៍ប្រចាំខែចុងក្រោយរបស់ខ្លួន ដោយកត់សម្គាល់ថា ការចំណាយរបស់អ្នកប្រើប្រាស់មិនទាន់កើនឡើងពេញលេញនៅឡើយ ហើយថាផែនការពន្ធរបស់សហរដ្ឋអាមេរិក បានគំរាមកំហែងដល់ការពន្យឺតកំណើននាំចេញ។
នៅក្នុងរបាយការណ៍សេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ខែកុម្ភៈ ការិយាល័យខុទ្ទកាល័យបានឲ្យដឹងថាសេដ្ឋកិច្ចកំពុង “ងើបឡើងវិញក្នុងល្បឿនមធ្យម បើទោះបីជាវានៅតែផ្អាកមួយផ្នែកក៏ដោយ” ដោយប្រើកន្សោមដូចគ្នាសម្រាប់ការវាយតម្លៃជារួមរបស់ខ្លួនសម្រាប់រយៈពេលប្រាំពីរខែជាប់ៗគ្នា។
ការិយាល័យដែលទទួលបន្ទុកគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធ បានធ្វើបច្ចុប្បន្នភាពការវាយតម្លៃរបស់ខ្លួនលើការនាំចេញ ដោយថាពួកគេកំពុង “បង្ហាញចលនានៃការប្រមូលទិញនាពេលថ្មីៗនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។
ការនាំចេញត្រូវបានគាំទ្រដោយការនាំចេញដ៏ខ្លាំងទៅកាន់អាស៊ី ដែលត្រូវបានជំរុញដោយតម្រូវការដ៏រឹងមាំសម្រាប់ម៉ាស៊ីនផលិតនៅក្នុងប្រទេសចិន និងឧបករណ៍ផលិតបន្ទះឈីបនៅក្នុងប្រទេសអាស៊ីមួយចំនួនផ្សេងទៀត។ ទិដ្ឋភាពលើការប្រើប្រាស់ឯកជនដែលស្មើនឹងជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនគឺនៅដដែល ដោយបញ្ជាក់ថាវាកំពុងកើនឡើង ប៉ុន្តែ “នៅតែផ្អាកមួយផ្នែក”។
របាយការណ៍នេះក៏បានឲ្យដឹងផងដែរថា “ការយកចិត្តទុកដាក់ពេញលេញ” គួរតែត្រូវបានផ្តល់ទៅឱ្យគោលនយោបាយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានត្រឡប់ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានដាក់ពន្ធខ្ពស់ជាបន្តបន្ទាប់លើការនាំចូលទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។
មន្ត្រីរដ្ឋាភិបាលមួយរូបបានឲ្យដឹងថា ពន្ធគយរបស់លោក ត្រាំ អាចប៉ះពាល់ដល់វិស័យរថយន្តរបស់ប្រទេសជប៉ុនយ៉ាងធ្ងន់ធ្ងរ ដោយសារតែរថយន្ត និងគ្រឿងបន្លាស់រថយន្តមានចំនួនប្រហែលមួយភាគបី នៃតម្លៃនាំចេញសរុបរបស់ប្រទេសទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ ៕
ប្រែសម្រួល ឈូក បូរ៉ា
