ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងទាក់ទងជាមួយអាមេរិក លើវិធានការពន្ធគយ

Asia Time

សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិងកំពុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អំពីផែនការបន្ទាប់ក្នុងការដំឡើងពន្ធថ្មី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពមិនច្បាស់លាស់សម្រាប់ឧស្សាហកម្មក្នុងស្រុក។

យោងតាមការិយាល័យរបស់លោកបានឱ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Cheong In-kyo បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយប្រធានក្រុមអ្នកគិតក្នុងស្រុកសំខាន់ៗ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្ររបស់ទីក្រុងសេអ៊ូល ស្តីពីគោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

កិច្ចប្រជុំនេះមានការចូលរួមពីប្រធានវិទ្យាស្ថានស្រាវជ្រាវចំនួនប្រាំបួន រួមទាំងអ្នកនៅក្រោមក្រុមហ៊ុន Samsung Group ក្រុមហ៊ុន Hyundai Motor Group ក្រុមហ៊ុន POSCO Group និង LG Group នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍បានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើផែនការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការយកពន្ធលើទំនិញជាច្រើនពីប្រទេសផ្សេងទៀត រួមទាំងដែកថែប អាលុយមីញ៉ូម និងរថយន្ត ក៏ដូចជាពន្ធទៅវិញទៅមកលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក។

លោក Cheong បានលើកឡើងថា “យើងកំពុងដំណើរការឆានែលរបស់យើងជាមួយសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការសម្រេចបាននូវវិធានការពាណិជ្ជកម្មជាច្រើនរបស់សហរដ្ឋអាមេរិក និងជួយឧស្សាហកម្មក្នុងស្រុកឱ្យយកឈ្នះលើភាពមិនប្រាកដប្រជា” ដោយអំពាវនាវឱ្យមានការសហការកាន់តែខ្លាំងរវាងរដ្ឋាភិបាល និងក្រុមអ្នកគិតគូរ ដើម្បីបង្កើតយុទ្ធសាស្ត្រឆ្លើយតប។

អនុរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី Park Jong-won បច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ និងឥទ្ធិពលរបស់ពួកគេលើឧស្សាហកម្មកូរ៉េ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top