ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពីការជាប់គាំងលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា នេះបើយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Abdul Latif Al-Qanou បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់មិនទាន់បានចាប់ផ្តើមនៅឡើយ បើទោះបីជាក្រុមហាម៉ាស់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយពួកគេតាមការគ្រោងទុកក៏ដោយ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមហាម៉ាស់ កំពុងរង់ចាំអ៊ីស្រាអែល ដើម្បីអនុវត្តរាល់បទប្បញ្ញត្តិនៃពិធីសារមនុស្សធម៌ ហើយ “យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងក្នុងគ្រប់ដំណាក់កាលរបស់ខ្លួន តាមរបៀបដែលឆ្លើយតបនឹងការទាមទាររបស់យើង”។ លោកបានសង្កត់ធ្ងន់ថា “ក្រុមហាម៉ាស់ ប្តេជ្ញាចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់” ដរាបណាអ៊ីស្រាអែល ប្តេជ្ញាចិត្តចំពោះវាដូចគ្នា។
នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់បីដំណាក់កាលដែលកំពុងដំណើរការ ដែលមានប្រសិទ្ធភាពចាប់តាំងពីថ្ងៃទី ១៩ ខែមករា ជាមួយនឹងដំណាក់កាលដំបូងរបស់វាមានរយៈពេល ៦ សប្តាហ៍ អ៊ីស្រាអែលត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមការចរចាលើដំណាក់កាលទីពីរនៃបទឈប់បាញ់ជាមួយក្រុមហាម៉ាសនៅថ្ងៃទី ៣ ខែកុម្ភៈ៕
ប្រែសម្រួល ឈូក បូរ៉ា
