បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីអាមេរិកបានព្រមានថា ពួកគេអាចរារាំងអ៊ុយក្រែនពីការប្រើប្រាស់ស្ថានីយអ៊ីនធឺណេត Starlink របស់ Elon Musk ប្រសិនបើទីក្រុងគៀវមិនផ្តល់សិទ្ធិចូលប្រើប្រាស់ធនធានរ៉ែដ៏សំខាន់របស់ខ្លួនទេនោះ។
លោក Musk ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីអាមេរិក Donald Trump បានបរិច្ចាគស្ថានីយអ៊ីនធឺណិតជាង ៤០,០០០ច្រក ចាប់តាំងពីឆ្នាំ២០២២ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងទ័ពអ៊ុយក្រែននៅលើសមរភូមិ។
យោងតាមកាសែត Reuters ក្នុងអំឡុងពេលកិច្ចប្រជុំរវាងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និងបេសកជនរបស់លោក Trump លោក Keith Kellogg នៅទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ ប្រជាជនអ៊ុយក្រែនត្រូវបានគេប្រាប់ថាពួកគេប្រឈមនឹងការបិទដំណើរការទាំងស្រុង នៃសេវាផ្កាយរណបរបស់ Starlink ប្រសិនបើពួកគេមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីរ៉ែសំខាន់ៗជាមួយសហរដ្ឋអាមេរិកទេនោះ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវជំនួយផ្នែកយោធាបន្ថែមទៀតពីសហរដ្ឋអាមេរិក លោក Zelensky បានជំរុញឱ្យ Trump មានភាពជាដៃគូអនុគ្រោះក្នុងការអភិវឌ្ឍធនធានរបស់អ៊ុយក្រែន រួមទាំងរ៉ែកម្រផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលនឹងផ្តល់កម្មសិទ្ធិដល់៥០ភាគរយ នៃទ្រព្យសម្បត្តិរ៉ែរបស់ប្រទេសនេះនោះទេហើយគាត់បាននិយាយកាលពីថ្ងៃពុធថា ខ្ញុំមិនអាចលក់ប្រទេសរបស់យើងបានទេ៕
ប្រែសម្រួល៖ ស៊ុនលី
