ហ្គាហ្សា៖ មន្ត្រីជាន់ខ្ពស់ របស់ហាម៉ាស់លោក Izzat al-Rishq បានថ្កោលទោសការសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងការពន្យារពេលដោះលែង អ្នកទោសប៉ាឡេស្ទី នដោយហៅវាថា ជាការប៉ុនប៉ង ដោយចេតនា ដើម្បីគេចចេញពី ការប្តេជ្ញាចិត្ត របស់ខ្លួនក្រោមកិច្ច ព្រមព្រៀង ដែលបានព្រមព្រៀងគ្នា ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក al-Rishq បានច្រានចោលការអះអាង របស់អ៊ីស្រាអែល ដែលថាពិធីប្រគល់ ចំណាប់ខ្មាំងអ៊ីស្រាអែល គឺជាការអាម៉ាស់ ដោយពណ៌នាថាវាជា “ការអះអាងមិនពិត និងជាលេសមិនសមហេតុផល ក្នុងគោលបំណងបង្វែរកាតព្វកិច្ចរបស់ខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Al-Rishq បានចោទប្រកាន់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពីបទបង្អាក់កិច្ចព្រមព្រៀង ដោយចេតនា ដោយលើកឡើងថា វាជាភស្តុតាងនៃ “ការខ្វះភាពជឿជាក់របស់អ៊ីស្រាអែល ក្នុងការបំពេញការសន្យារបស់ខ្លួន ។
លោកបានជំរុញអ្នកសម្រុះសម្រួល និងសហគមន៍អន្តរជាតិ ដាក់សម្ពាធជាបន្ទាន់លើអ៊ីស្រាអែល ដើម្បីធានាការអនុវត្ត កិច្ចព្រមព្រៀងនេះ និងការដោះលែងអ្នកទោសជាបន្ទាន់។
គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ីស្រាអែល បានពន្យារពេលការដោះលែង អ្នកទោសប៉ាឡេស្ទីនចំនួន ៦០២ នាក់ ដែលដើមឡើយគ្រោង ធ្វើនៅថ្ងៃសៅរ៍ បន្ទាប់ពីការដោះលែង ចំណាប់ខ្មាំងអ៊ីស្រាអែល ៦ នាក់របស់ហាម៉ាស ជាផ្នែកមួយនៃក្រុមទី ៧ នៃការដោះដូរចំណាប់ខ្មាំង -អ្នកទោសក្រោម ដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ៕
ប្រែសម្រួល ឈូក បូរ៉ា
