បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់សមភាគីចិនលោក Xi Jinping អំពីទំនាក់ទំនងចុងក្រោយរបស់ទីក្រុងមូស្គូជាមួយទីក្រុងវ៉ាស៊ីនតោន។
សេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងទៀតដែរថា ទីក្រុងប៉េកាំងបានសម្តែងការគាំទ្រចំពោះកិច្ចសន្ទនាជាថ្មី និងសក្តានុពលថ្មីសម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន។
លោក Putin និងលោក Xi បាននិយាយតាមទូរស័ព្ទដើម្បី ចែករំលែកមតិលើបញ្ហាដែលចាប់អារម្មណ៍មួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងរបៀបវារៈសកល ដោយពណ៌នាការផ្លាស់ប្តូរថាជាភាព កក់ក្តៅ និងមិត្តភាព។
ក្នុងនោះមេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសរុស្ស៊ី-ចិន ដើរតួនាទីជាកត្តានៃស្ថិរភាពក្នុងកិច្ចការពិភពលោកហើយជឿជាក់ថា ធម្មជាតិនៃយុទ្ធសាស្ត្ររបស់វាមិនត្រូវបានប៉ះពាល់ដោយឥទ្ធិពលខាងក្រៅ ហើយមិនបង្កការគំរាមកំហែងដល់ភាគីទីបីណាមួយឡើយ។
គួរឲ្យដឹងដែរថាក្នុងករណីជម្លោះនៅអ៊ុយក្រែនបច្ចុប្បន្ននេះប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្លាស់ប្តូរការប៉ុនប៉ងដើម្បី ឯកោ ប្រទេសរុស្ស៊ីដែលត្រូវបានបន្តដោយរដ្ឋបាលមុន។ ឥឡូវនេះរដ្ឋាភិបាលទីក្រុងមូស្គូ និងវ៉ាស៊ីនតោនកំពុងធ្វើការដើម្បីស្តារទំនាក់ទំនងការទូតធម្មតាឡើងវិញ។ មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបាននិយាយថា នេះអាចនាំទៅរកដំណោះស្រាយនៃជម្លោះអ៊ុយក្រែន៕
ប្រែសម្រួល៖ ស៊ុនលី
