យូអិន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានប្រឆាំងនឹងដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយបណ្តា ប្រទេសអ៊ឺរ៉ុប ដែលជំរុញ ឱ្យមានបូរណភាពទឹកដី សម្រាប់អ៊ុយក្រែន ក្នុងខួបលើកទីបី នៃការឈ្លានពានរបស់រុស្ស៊ី ដោយបង្ហាញពីគម្លាត រវាងអ្នកគាំទ្រសំខាន់ៗ នៃទីក្រុងគៀវ អំពីអនាគតនៃសង្រ្គាម។
ចលនានេះត្រូវបានអនុម័ត ដោយមហាសន្និបាត របស់ស្ថាប័នពិភពលោក ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានដាក់ចេញនូវដំណោះស្រាយ ដាច់ដោយឡែក មួយដោយអំពាវនាវ ឱ្យបញ្ចប់ជម្លោះដោយមិនប្រើពាក្យដូចជា “ការឈ្លានពានរបស់រុស្ស៊ី” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ចំណាត់ការនេះបានបង្ហាញពីការ ផ្លាស់ប្តូរគោល នយោបាយ របស់សហរដ្ឋអាមេរិកលើសង្រ្គាម ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបាន វិលត្រឡប់មក កាន់អំណាច កាលពីខែមុនសម្រាប់ អាណត្តិទីពីរ មិនជាប់គ្នា បើប្រៀបធៀប ជាមួយនឹងអ្នកស្នងតំណែងមុនរបស់គាត់គឺលោក ចូ បៃដិន ដែលដើរជាមួយអឺរ៉ុបក្នុងកិច្ច ខិតខំប្រឹងប្រែង ដើម្បីជួយអ៊ុយក្រែន។
ដំណោះស្រាយដែលស្នើឡើងដោយប្រទេស ជាច្រើនរួមមាន អង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមទាំងជប៉ុន និងអ៊ុយក្រែន ត្រូវបានគាំទ្រដោយសមាជិកចំនួន ៩៣ នៅក្នុងសម័យប្រជុំកាលពីថ្ងៃចន្ទ។ សមាជិកចំនួន ១៨ ដូចជាសហរដ្ឋអាមេរិក និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងវា ។
នៅក្នុងនោះដែរ ដំណោះស្រាយនិយាយអំពី “តម្រូវការបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាមនៅឆ្នាំនេះ” និង “ការប្តេជ្ញាចិត្តរបស់សភា ចំពោះអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា
