ព័ត៌មានអន្តរជាតិ

ជប៉ុន ជំរុញឲ្យមានការរួបរួមក្រុម G7 លើបញ្ហាអ៊ុយក្រែន

kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រាប់មេដឹកនាំប្រទេសផ្សេងទៀត ពីក្រុមប្រទេសទាំង៧ កាលពីថ្ងៃចន្ទថា ពួកគេគួរតែរួបរួមគ្នា ក្នុងការនាំយកសន្តិភាព ដល់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាម លោកបានលើកឡើង បន្ទាប់ពីបានចូលរួមកិច្ចប្រជុំនិម្មិត ដើម្បីប្រារព្ធរយៈពេល ៣ឆ្នាំចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើម ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Ishiba បានឲ្យដឹងថា លោកបានប្រាប់ សម័យប្រជុំថា G7 គួរតែប្រុងប្រយ័ត្នថា ដំណើរការសន្តិភាពមិនទុកកន្លែងសម្រាប់ “មេរៀនខុស” ដែលវាអាចទៅរួចក្នុងការ ផ្លាស់ប្តូរស្ថានភាពដោយបង្ខំ ហើយលោកសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងការទូត រួមទាំងអ្វីដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក នឹងទទួលបានផ្លែផ្កា ដើម្បីជួយបញ្ចប់សង្រ្គាម ។

ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានសម្តែងក្តីសង្ឃឹម “រឹងមាំ” របស់លោក សម្រាប់ការបន្តការគាំទ្រពី G7 នេះបើយោងតាមលោក Ishiba ។ ក្រុមនេះក៏រួមមាន ចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង អ៊ីតាលី និងសហរដ្ឋអាមេរិក បូករួមទាំងសហភាព អឺរ៉ុបផងដែរ ។

កិច្ចប្រជុំនេះកើតឡើងនៅពេល ដែលការវិលត្រឡប់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់អាណត្តិទីពីរ មិនជាប់គ្នានៅក្នុងសេតវិមានសាកល្បងការរួបរួមនៃក្រុម G7 ដែលរហូតមកដល់ពេលនេះបានឈរ នៅពីក្រោយអ៊ុយក្រែន យ៉ាងរឹងមាំនិងដាក់ទណ្ឌកម្មរុស្ស៊ី ដោយការអនុវត្តទណ្ឌកម្ម មួយចំនួន ដើម្បីវាយប្រហារទ្រូង សង្រ្គាមរបស់ទីក្រុងម៉ូស្គូ។

រដ្ឋបាលលោក ត្រាំ កំពុងតែបង្កើនសម្ពាធ របស់ខ្លួនលើអ៊ុយក្រែន ខណៈដែលខ្លួនព្យាយាម ឈានដល់កិច្ចព្រមព្រៀង រ៉ែកម្រជាមួយទីក្រុងគៀវ ជាថ្នូរនឹងជំនួយរបស់សហរដ្ឋអាមេរិក។ ប៉ុន្មានថ្ងៃថ្មីៗនេះ លោក ត្រាំ បានរិះគន់លោក ហ្សេឡិនស្គី  ដោយហៅលោកថាជា “ជនផ្តាច់ការ”នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្នុងពេលជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេដឹងថា កំពុងក្តៅគគុកចំពោះទីក្រុងមូស្គូ ដោយអ្នកទាំងពីរ ទើបតែចាប់ផ្តើមកិច្ចចរចាទ្វេភាគី ដោយផ្ទាល់ឆ្ពោះទៅរកការ បញ្ចប់ជម្លោះ ដោយគ្មានការចូលរួមពីទីក្រុងគៀវ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top