តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Gen Nakatani និងសមភាគីហ្វីលីពីន លោក Gilberto Teodoro បានព្រមព្រៀងគ្នា កាលពីថ្ងៃច័ន្ទ ដើម្បីបង្កើតកិច្ចសន្ទនា ជាយុទ្ធសាស្ត្រ រវាងកងកម្លាំង ស្វ័យការពាររបស់ជប៉ុន និងយោធាហ្វីលីពីន ចំពេលមានបញ្ហា ប្រឈមផ្នែកសន្តិសុខ ដែលបង្កឡើង ដោយប្រទេសចិន។
លោក Nakatani បាននិយាយនៅក្នុងព្រឹត្តិការណ៍ រព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំ របស់លោកជាមួយលោក Teodoro នៅទីក្រុងម៉ានីលថា ពួកគេក៏បានយល់ព្រម បង្កើតក្របខ័ណ្ឌកម្រិតខ្ពស់ ដើម្បីលើកកម្ពស់ បន្ថែមទៀត នូវឧបករណ៍ ការពារជាតិ និងកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យា។
ប្រមុខការពារជាតិជប៉ុនបានឲ្យដឹងថា “ជាមួយនឹងបរិយាកាស សន្តិសុខកាន់តែធ្ងន់ធ្ងរ យើងបានឯកភាពយ៉ាងម៉ឺងម៉ាត់ លើតម្រូវការក្នុងការបង្កើន កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ដល់កម្រិតខ្ពស់មួយ” នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក Teodoro បានលើកឡើងថា ប្រទេសទាំងពីរចែករំលែក “បុព្វហេតុរួមនៃការទប់ទល់នឹង ការប៉ុនប៉ងឯកតោ ភាគីណាមួយ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ពិភពលោកឡើងវិញ ដោយគ្មានការយល់ព្រម ពីអ្នកចូលរួម នៃសណ្តាប់ធ្នាប់ពិភពលោកនេះ និងការប៉ុនប៉ងដើម្បីកែប្រែច្បាប់ អន្តរជាតិដោយបង្ខំ”។
ទំនាក់ទំនងសន្តិសុខរវាងជប៉ុន និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្ត ជិតស្និទ្ធរបស់សហរដ្ឋអាមេរិក មានភាពស៊ីជម្រៅ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពេលដែលចិនកំពុងបង្កើន សកម្មភាពយោធា និងការទាមទារទឹកដី នៅក្នុងដែនទឹកក្នុងតំបន់។ ជាមួយនឹងការព្រួយបារម្ភនោះ ជាក់ស្តែងនៅក្នុងចិត្ត អ្នកទាំងពីរក៏បានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពហុភាគីជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី។
ប្រទេសជប៉ុនបាននាំ ចេញរ៉ាដាការពារ ដែនអាកាសទៅកាន់ ប្រទេសហ្វីលីពីន ចាប់តាំងពីឆ្នាំ ២០២៣ ហើយបានសម្រេចចិត្ត ផ្តល់រ៉ាដាឃ្លាំមើល ឆ្នេរសមុទ្រក្រោមក្របខណ្ឌ “ជំនួយសន្តិសុខផ្លូវការ” ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំនោះ ដើម្បីជំរុញកិច្ច សហប្រតិបត្តិការការពារជាតិ ជាមួយប្រទេស ដែលមានគំនិតដូចគ្នា ៕
ប្រែសម្រួល ឈូក បូរ៉ា
