ព័ត៌មានអន្តរជាតិ

រយៈពេល ៣ឆ្នាំ នៃវិបត្តិអ៊ុយក្រែន ផ្លូវទៅកាន់សន្តិភាពនៅតែមានបញ្ហាប្រឈម

AFP

ប៉េកាំង៖ នៅពេលដែលវិបត្តិអ៊ុយក្រែន ឈានចូលដល់ឆ្នាំទី ៤ របស់ខ្លួន ការដោះស្រាយដ៏ទូលំទូលាយនៅតែពោរពេញដោយបញ្ហាប្រឈម ដែលជំរុញដោយការបែងចែកភូមិសាស្ត្រនយោបាយដែលចាក់ឫសយ៉ាងជ្រៅ និងផលប្រយោជន៍ប្រកួតប្រជែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ចំពេលមានការបែកបាក់គ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប និងជាមួយមេដឹកនាំអ៊ុយក្រែន និងអឺរ៉ុប ដែលអវត្តមានពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នាពេលថ្មីៗនេះនៅទីក្រុងរីយ៉ាដ ផលប៉ះពាល់ដែលអាចកើតមាននៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីលើជម្លោះមិនទាន់អស់នៅឡើយ។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ១២ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាំងពីរបានបង្ហាញឆន្ទៈក្នុងការកែលម្អទំនាក់ទំនងទ្វេភាគី ដែលបច្ចុប្បន្នស្ថិតក្នុងកម្រិតទាបជាប្រវត្តិសាស្ត្រ និងចរចាបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។

មេដឹកនាំទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីរៀបចំកិច្ចប្រជុំកំពូលមួយ ដែលជាសញ្ញាបង្ហាញពីសក្តានុពលនៃការបន្ធូរបន្ថយភាពតានតឹង។ សន្ទុះការទូតនេះនាំឱ្យមានកិច្ចចរចាកម្រិតខ្ពស់កាលពីថ្ងៃអង្គារនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ។

កិច្ចប្រជុំរយៈពេល ៤ ម៉ោងកន្លះ ដែលជាអន្តរកម្មទល់មុខគ្នាលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី ចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែន គឺជាការបង្ហាញចុងក្រោយបំផុតនៃការរលាយក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។ ភាគីទាំងពីរសម្រេចបាន “ការឯកភាពគ្នាបួនចំណុច” ដើម្បីដោះស្រាយ “បញ្ហាទ្វេភាគីដែលមានបន្លា” និងការជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

ជំនួយការប្រធានាធិបតីរុស្ស៊ីលោក Yuri Ushakov បានបញ្ជាក់អំពីផែនការបង្កើតក្រុមការងាររួមគ្នាមួយ ដើម្បីដោះស្រាយគ្រប់ទិដ្ឋភាពនៃវិបត្តិអ៊ុយក្រែន។ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានពណ៌នាការពិភាក្សាថាជា “វិជ្ជមាន និងស្ថាបនា” ខណៈដែលលោក Lavrov បានពណ៌នាការពិភាក្សាថា “មានប្រយោជន៍ខ្លាំងណាស់” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top