ព័ត៌មានអន្តរជាតិ

ថៃ៖ ស្ថានទូតអាមេរិក រំលឹកពីការបំផ្ទុះនៅទីសក្ការៈក្នុងទីក្រុងបាងកក សម្លាប់មនុស្ស ២០នាក់ និងរបួស ១២៥នាក់ ជាទីដែលភ្ញៀវទេសចរមកពីប្រទេសចិនទៅច្រើន ក្រោយការបណ្តេញជនជាតិ អ៊ុយហ្គ័រ កាលពីឆ្នាំ២០១៥

Bangkok Post

បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបាងកក កាលពីថ្ងៃសុក្របានចេញការព្រមានផ្នែកសុវត្ថិភាពសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសថៃ មួយថ្ងៃបន្ទាប់ពីថៃ បាននិរទេសជនជាតិអ៊ុយហ្គ័រមួយក្រុមទៅកាន់ប្រទេសចិន។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សេចក្តីជូនដំណឹងដែលបានបង្ហោះនៅលើគេហទំព័រស្ថានទូតបាននិយាយថា “ការនិរទេសស្រដៀងគ្នានេះបានជំរុញឱ្យមានការវាយប្រហារសងសឹកដោយហិង្សានាពេលកន្លងមក” ។

លើសពីនេះទៅទៀត បន្ទាប់ពីការបណ្តេញជនជាតិ អ៊ុយហ្គ័រ ចេញពីប្រទេសថៃកាលពីឆ្នាំ ២០១៥ មានការបំផ្ទុះនៅទីសក្ការៈ Erawan ក្នុងទីក្រុងបាងកក បានសម្លាប់មនុស្ស ២០ នាក់ និងរបួស ១២៥ នាក់ផ្សេងទៀត ដោយសារទីសក្ការបូជានេះត្រូវបានភ្ញៀវទេសចរមកពីប្រទេសចិនមកទស្សនាយ៉ាងច្រើន។

នៅមុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្កោលទោសប្រទេសថៃ ចំពោះការបញ្ជូនជនជាតិ អ៊ុយហ្គ័រ ៤០ នាក់ ទៅកាន់ប្រទេសចិន ដែលទីក្រុងវ៉ាស៊ីនតោន និយាយថា សមាជិកនៃក្រុមមូស្លីម បានប្រឈមមុខនឹងការប្រល័យពូជសាសន៍។

យ៉ាងណាក៏ដោយ អាជ្ញាធរ​ថៃ​បាន​ទទូច​ថា ជនជាតិ​អ៊ុយហ្គួរ​ត្រឡប់​មក​វិញ​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​ចិន​បាន​ធានា​ថា​ពួកគេ​នឹង​មិន​រង​គ្រោះ​អ្វីឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top