បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់មេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺជាការបរាជ័យផ្នែកនយោបាយ និងការទូតទាំងស្រុង សម្រាប់ទីក្រុងគៀវ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ។
ការអត្ថាធិប្បាយរបស់នាងធ្វើឡើងបន្ទាប់ពីជំនួបដ៏តានតឹងរវាងលោក Zelensky និងប្រធានាធិបតីអាមេរិក Donald Trump និងអនុប្រធានាធិបតី J.D. Vance នៅសេតវិមានកាលពីថ្ងៃសុក្រ ដែលបានបញ្ចប់ភ្លាមៗដោយគ្មានកិច្ចព្រមព្រៀងរ៉ែ ដែលត្រូវបានគ្រោងទុកនោះបានចុះហត្ថលេខាឡើយ។
ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរដ៏ក្តៅគគុកនៅក្នុងការិយាល័យ Oval office លោក Zelensky បានប្រឆាំងនឹងការទាមទាររបស់លោក Trump ក្នុងការចរចាសន្តិភាពជាមួយទីក្រុងមូស្គូ ដែលនាំឱ្យលោក Trump ចោទប្រកាន់គាត់ពីភាពមិនស្មោះត្រង់ ការលេងល្បែងជាមួយសង្គ្រាមលោកលើកទី៣ និងការមិនមានឆន្ទៈក្នុងការបញ្ចប់ជម្លោះ។
កាលពីថ្ងៃសៅរ៍ លោកស្រី Zakharova បានរិះគន់ចំពោះ អាកប្បកិរិយាដ៏ក្រៀមក្រំ របស់ Zelensky នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយបញ្ជាក់ថា សកម្មភាពរបស់គាត់បានបញ្ជាក់ថា គាត់គឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតចំពោះសហគមន៍ពិភពលោក តាមរយៈភាពមិនទទួលខុសត្រូវ។
លោកស្រីក៏បានសង្កត់ធ្ងន់ដែរថាទីក្រុងមូស្គូបានគូសបញ្ជាក់ម្តងហើយម្តងទៀតនូវ ភាពមិនគ្រប់គ្រាន់ អំពើពុករលួយរបស់ ក្រុមដឹកនាំលោកZelensky និងអសមត្ថភាពក្នុងការចរចាផងដែរ៕
ប្រែសម្រួល៖ ស៊ុនលី
