ជប៉ុន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាលាប៉ូលីសជប៉ុននៅ Fukushima កំពុងបង្រៀនជំនាញតុបតែងមុខដល់មន្រ្តីនាពេលអនាគត ដោយសង្កត់ធ្ងន់លើសារសំខាន់នៃរូបរាងត្រឹមត្រូវសម្រាប់ការកសាងទំនុកចិត្តនៅក្នុងសហគមន៍។
នេះបើយោងតាមសារព័ត៌មាន South China Morning Post បាននិយាយថា Fukushimaken Keisatsugakko ជាសាលាប៉ូលីសនៅខេត្ត Fukushima បានចាប់ផ្តើមវគ្គសិក្សាសម្រាប់សិក្ខាកាមប៉ូលីសដែលបានបញ្ចប់ការសិក្សាចំនួន ៦០នាក់ រួមទាំងមន្រ្តីប្រុសជាច្រើននាក់កាលពីចុងខែមករា។
សាលាបានសហការជាមួយអ្នកជំនាញមកពីយីហោគ្រឿងសម្អាងជប៉ុនដ៏ល្បីឈ្មោះ Shiseido។ អ្នកជំនាញទាំងនេះមិនត្រឹមតែផ្តល់ការណែនាំអំពីការតុបតែងមុខទូទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ដំបូន្មានផ្ទាល់ខ្លួនដែលតម្រូវតាមសិក្ខាកាមផងដែរ។ ពេញមួយវគ្គ គ្រូបង្ហាត់បង្រៀនពីបច្ចេកទេសតុបតែងមុខជាមូលដ្ឋាន រួមមាន ផ្តល់សំណើមដល់ស្បែក លាបថ្នាំ primer និងការប្រើខ្មៅដៃចិញ្ចើម។ អ្នកជំនាញក៏បានបង្រៀនការកាត់រោមចិញ្ចើម និងការធ្វើសក់ផងដែរ។
លោក Takeshi Sugiura នាយករងសាលាប៉ូលីសបាននិយាយក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Nippon TV ថា យើងចង់រំលឹកសិស្សថា ក្នុងនាមជាសមាជិកនៃសង្គម និងជាមន្ត្រីប៉ូលីសនាពេលអនាគត ការរក្សារូបរាងត្រឹមត្រូវគឺជារឿងសំខាន់។
សិក្ខាកាមប្រុសៗជាច្រើន ដែលមិនស្គាល់ការតុបតែងមុខ បានរកឃើញថា ពួកគេប្រឈមមុខនឹងបញ្ហាគ្រឿងសម្អាង។ អ្នកខ្លះត្រូវបានគេឃើញលាបថ្នាំ Primer ក្នុងលក្ខណៈច្របូកច្របល់ ខណៈអ្នកខ្លះទៀតមានភាពច្របូកច្របល់ ហាក់ដូចជាកំពុងស្វែងរកជំនួយពីមិត្តរួមការងារ។ នេះជាប្រពៃណី សាលានគរបាលជប៉ុនបានផ្តោតជាសំខាន់លើការអប់រំផ្នែកច្បាប់ និងការរៀបចំរាងកាយយ៉ាងម៉ត់ចត់៕
