បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា សហរដ្ឋអាមេរិកបានអនុម័តអនុញ្ញាតិឲ្យលោក Aleksandr Darchiev ជាឯកអគ្គរដ្ឋទូតថ្មីរបស់ទីក្រុងមូស្គូប្រចាំទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីនៅទីក្រុងអង់ការ៉ាក្នុងសប្តាហ៍នេះ។
លោក Darchiev ដែលជាអ្នកការទូតជាន់ខ្ពស់ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ បច្ចុប្បន្នជាប្រធាននាយកដ្ឋានអាត្លង់ទិកខាងជើងរបស់ក្រសួងការបរទេសនៃប្រទេសរុស្សី។
លោកធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកាណាដាពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ ហើយបានកាន់មុខតំណែងជាន់ខ្ពស់ជាច្រើននៅក្នុងក្រសួង រួមទាំងនាយករងនៃនាយកដ្ឋានអាមេរិកខាងជើង និងជាទីប្រឹក្សានៅស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនផងដែរ។
ការតែងតាំងរបស់គាត់បានធ្វើឡើងបន្ទាប់ពីការពិភាក្សាការទូតនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃព្រហស្បតិ៍ដែលមន្ត្រីរុស្ស៊ី និងសហរដ្ឋអាមេរិកបានដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ស្ថានទូតរបស់ពួកគេ ហើយប្រទេសទាំងពីរកំពុងធ្វើការដើម្បីជួសជុលទំនាក់ទំនងដ៏តានតឹង ដែលកាន់តែយ៉ាប់យ៉ឺនក្រោមការគ្រប់គ្រងមុនរបស់ប្រធានាធិបតីអាមេរិក Joe Biden ។
គួរឲ្យដឹងដែរថាកិច្ចពិភាក្សាបានផ្តោត លើការបន្តប្រតិបត្តិការជាប្រចាំនៅស្ថានទូតអាមេរិកនៅទីក្រុងមូស្គូ និងស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន ដោយភាគីទាំងពីរបានកំណត់អត្តសញ្ញាណ ជំហានដំបូងជាក់ស្តែង នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់បន្ថែម៕
ប្រែសម្រួល៖ ស៊ុនលី
