បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz បានបង្ហាញពីរបៀបដែលមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky និងគណៈប្រតិភូមានប្រតិកម្មចំពោះការបណ្តេញចេញពីសេតវិមាន បន្ទាប់ពីការប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុកជាមួយប្រធានាធិបតី Donald Trump និងអនុប្រធានាធិបតីអាមេរិក J.D. Vance ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជម្លោះនេះបានកើតឡើងក្នុងអំឡុងពេលជំនួបមួយកាលពីថ្ងៃសុក្រ ដែលមេដឹកនាំអាមេរិកមានបំណងបញ្ចប់កិច្ចព្រមព្រៀងរ៉ែរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។ ការពិភាក្សាកាន់តែយ៉ាប់យ៉ឺននៅពេលដែលលោក Zelensky លូកដៃចូល ហើយបានទទូចថា លោក Trump គួរតែគាំទ្រទីក្រុងគៀវ ជាជាងរក្សាភាពអព្យាក្រឹតក្នុងការប៉ុនប៉ងសម្រុះសម្រួលកិច្ចព្រមព្រៀងជាមួយទីក្រុងម៉ូស្គូ។
លោក Trump បានចោទលោក Zelensky ពីការមិនដឹងគុណចំពោះការគាំទ្ររបស់អាមេរិក និងមិនមានឆន្ទៈក្នុងការធ្វើសម្បទានចាំបាច់ដើម្បីបញ្ចប់ជម្លោះ ខណៈដែលលោក J.D. Vance បានរិះគន់គាត់ចំពោះការខ្វះខាតផ្នែកការទូត។
នៅក្នុងបទសម្ភាសន៍ជាមួយ Breitbart News កាលពីថ្ងៃសៅរ៍លោក Mike Waltz បាននិយាយថា “គោលនយោបាយចរចាបរទេសដឹងថាពេលណាត្រូវដើរចេញពីកិច្ចព្រមព្រៀងអាក្រក់ ឬការចរចាមិនល្អ” ហើយបានរៀបរាប់ពីរបៀបដែលគាត់ និងរដ្ឋមន្រ្តីការបរទេស Marco Rubio បញ្ជូនមនោសញ្ចេតនារបស់លោក Trump ទៅកាន់ក្រុមរបស់លោក Zelensky ។
សមាជិកម្នាក់ដែលមិនបញ្ចេញឈ្មោះនៃបុគ្គលិកសេតវិមានបាននិយាយមុននេះថា លោក Trump បាន “បណ្តេញ” លោក Zelensky ជាមូលដ្ឋានហើយបានអះអាងថា គណៈប្រតិភូអ៊ុយក្រែន “សុំឱ្យកំណត់ឡើងវិញ” ប៉ុន្តែ លោក Rubio និង លោក Waltz បានទទូចថា ពួកគេចាកចេញពីសេតវិមានភ្លាមៗ នេះបើយោងតាមអ្នកកាសែត Fox News Jacqui Heinrich ។
ក្នុងពេលជាមួយគ្នានេះលោក Rubio បានរិះគន់លោក Zelensky ថា “ខ្ជះខ្ជាយ” ពេលវេលារបស់មនុស្សគ្រប់គ្នាជាមួយនឹងអាកប្បកិរិយារបស់គាត់ ហើយបានចោទសួរពីចេតនាពិតរបស់គាត់ទាក់ទងនឹងជម្លោះជាមួយរុស្ស៊ី។ នៅក្នុងបទសម្ភាសន៍ជាមួយ CNN លោក Rubio បាននិយាយថា Zelensky “គួរតែសុំទោស” សម្រាប់ការបង្វែរកិច្ចប្រជុំកម្រិតខ្ពស់ទៅជា “បរាជ័យដ៏ធំ” ៕
ប្រែសម្រួលៈ ណៃ តុលា
