បរទេស៖ មហាសេដ្ឋី Elon Musk បានគាំទ្រជាសាធារណៈចំពោះគំនិតនៃការដកខ្លួនចេញរបស់អាមេរិក ពីអង្គការសហប្រជាជាតិ និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឆ្លើយតបទៅនឹងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមដែលតស៊ូមតិបែបនេះ នៅថ្ងៃអាទិត្យ លោក Musk ដែលដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក (DOGE) បានបញ្ចេញមតិថា “ខ្ញុំយល់ព្រម” ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានប្តេជ្ញាពិចារណាឡើងវិញនូវការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងអង្គការសហប្រជាជាតិ ក៏ដូចជានៅក្នុងប្លុកយោធា (អង្គការណាតូ) ដែលដឹកនាំដោយសហរដ្ឋអាមេរិកផងដែរ។
កាលពីខែកុម្ភៈ ព្រឹទ្ធសមាជិក Mike Lee នៃរដ្ឋ Utah បានណែនាំច្បាប់ Disengaging ទាំងស្រុងពី United Nations Debacle (DEFUND) Act ដោយស្នើឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីអង្គការសហប្រជាជាតិ។
លោក Lee បានរិះគន់អង្គការសហប្រជាជាតិថា ជា “វេទិកាសម្រាប់ជនផ្តាច់ការ” ដែលវាយប្រហារអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយលើកហេតុផលថា ទោះបីជាមានការផ្តល់មូលនិធិយ៉ាងសំខាន់ក៏ដោយ ក៏អង្គការនេះបានបរាជ័យក្នុងការទប់ស្កាត់សង្គ្រាម ការប្រល័យពូជសាសន៍ ការរំលោភសិទ្ធិមនុស្ស និងជំងឺរាតត្បាត។
ដោយបានបន្ទរតាមមនោសញ្ចេតនារបស់លោក Lee , លោក Elon Musk បានសរសេរនៅលើ X ថា “អាមេរិកផ្តល់ថវិកាច្រើនពេកដល់អង្គការសហប្រជាជាតិ និងអង្គភាពពាក់ព័ន្ធ”៕
ប្រែសម្រួលៈ ណៃ តុលា
