បរទេស៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer នៅថ្ងៃសៅរ៍ (១ មីនា) បានផ្តល់ឱ្យលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នូវស្វាគមន៍យ៉ាងកក់ក្តៅនៅទីក្រុងឡុងដ៍ មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នាពាក្យសម្តីរបស់មេដឹកនាំអ៊ុយក្រែន ជាមួយប្រធានាធិបតីអាមេរិក Donald Trump ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅមុនកិច្ចជំនួបកំពូលនៅថ្ងៃអាទិត្យនៅទីក្រុងឡុងដ៍ ដើម្បីពិភាក្សាអំពីរបៀបគាំទ្រអ៊ុយក្រែន នៅពេលអ៊ុយក្រែនប្រយុទ្ធនឹងកងកម្លាំងឈ្លានពានរបស់រុស្ស៊ី លោក Starmer បានរំលឹកឡើងវិញនូវការគាំទ្ររបស់លោកចំពោះទីក្រុង គៀវ ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃសៅរ៍ថា “នៅក្នុងភាពជាដៃគូជាមួយសម្ព័ន្ធមិត្តរបស់យើង យើងត្រូវពង្រឹងការរៀបចំរបស់យើងសម្រាប់ការធានាសន្តិសុខរបស់អឺរ៉ុប រួមជាមួយនឹងការបន្តពិភាក្សាជាមួយសហរដ្ឋអាមេរិក” ។
លោកបានបន្ថែមថា “ឥឡូវនេះគឺជាពេលវេលាសម្រាប់ពួកយើងដើម្បីរួបរួមគ្នាដើម្បីធានានូវលទ្ធផលល្អបំផុតសម្រាប់អ៊ុយក្រែន ការពារសន្តិសុខអឺរ៉ុប និងធានាអនាគតរួមរបស់យើង” ។
ប៉ុន្មានម៉ោងមុននេះ អ៊ុយក្រែន និងចក្រភពអង់គ្លេសបានបង្ហាញកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ២,២៦ពាន់លានផោន (២,៨៤ ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់សមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ដែលត្រូវសងវិញជាមួយនឹងប្រាក់ចំណេញនៃទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីដែលត្រូវបង្កក៕
ប្រែសម្រួលៈ ណៃ តុលា
