ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី អះអាងថា លោកនៅតែ ត្រៀមខ្លួនជាស្រេច ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀង រ៉ែជាមួយអាមេរិក

AFP

ឡុងដ៍ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា លោកនៅតែ “ត្រៀមខ្លួនជាស្រេច ដើម្បីចុះហត្ថលេខា” លើកិច្ចព្រមព្រៀងរ៉ែ ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

លោក ហ្សេឡិនស្គី បានប្រាប់ BBC បន្ទាប់ពីកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំលោកខាងលិច នៅទីក្រុងឡុងដ៍ បើទោះបីជាមានជំនួបដ៏ប្រេះស្រាំ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែលោកនៅតែមានឆន្ទៈក្នុង “ការសន្ទនាក្នុងន័យស្ថាបនា” ជាមួយសហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍របស់លោក ហ្សេឡិនស្គី បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំ របស់លោក ជាមួយលោក ត្រាំ កាលពីថ្ងៃសុក្របានប្រែក្លាយ ទៅជាការផ្លាស់ប្តូរដ៏ក្តៅគគុក ដែលនាំទៅដល់ការលុបចោលកិច្ចព្រមព្រៀង វត្ថុធាតុដើមទ្វេភាគី ដែលរំពឹងទុក។

សេចក្តីព្រាងកិច្ចព្រមព្រៀង ដូចដែលប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ រួមមានការបង្កើតមូលនិធិ ដែលត្រូវគ្រប់គ្រងរួមគ្នា ដោយអ៊ុយក្រែន និងសហរដ្ឋអាមេរិក ដែលអ៊ុយក្រែននឹងរួមចំណែក ៥០ភាគរយនៃប្រាក់ចំណូល របស់ខ្លួនពីការរកប្រាក់ នាពេលអនាគតនៃធនធានធម្មជាតិ រួមទាំងរ៉ែសំខាន់ៗ ប្រេង និងឧស្ម័ន ។

បន្ទាប់ពីកិច្ចប្រជុំកំពូល កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានឲ្យដឹងថា មេដឹកនាំនៅក្នុងកិច្ចប្រជុំកំពូល បានយល់ព្រមលើផែនការបួន ជំហាន ដើម្បីធានាសន្តិភាព ក្នុងប្រទេសអ៊ុយក្រែន ហើយថាចក្រភពអង់គ្លេសនឹង អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់ហិរញ្ញវត្ថុនាំចេញ របស់អង់គ្លេសចំនួន ១,៦ពាន់លានផោន (២ពាន់លានដុល្លារ) ដើម្បីទិញមីស៊ីលការពារដែនអាកាសជាង ៥០០០ដើម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top