បរទេស៖ ប៉ូលីសបានចាប់ខ្លួន មនុស្សចំនួន ១៣ នាក់ ពីបទជាប់ពាក់ព័ន្ធនៅ ក្នុងគេហទំព័រល្បែងស៊ីសង ដែលរកប្រាក់បាន ច្រើនជាង ១,៦ ពាន់លានបាតជារៀងរាល់ឆ្នាំ និងបានរឹបអូសទ្រព្យសម្បត្តិ ដែលកាន់កាប់ដោយពួកគេមានតម្លៃ ២០ លានបាត ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការចាប់ខ្លួននេះ កើតចេញពីករណីមួយពាក់ព័ន្ធនឹងហុងស៊ុយ ដ៏មានប្រជាប្រិយអាយុ ៤៣ឆ្នាំ លោក Thanawan Jiracharoenwes ដែលត្រូវបានគេស្គាល់ថា Tili ។
លោកឧត្តមសេនីយ៍ Wittaya Sriprasertparp មេបញ្ជាការផ្នែកការពារអតិថិជន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា Thanawan Jiracharoenwes ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថា បានបោកប្រាស់មនុស្សចំនួន ១១៧ នាក់ សរុបជាប្រាក់ចំនួន ១៣០ លានបាត។ ករណីនេះនៅ ចំពោះមុខតុលាការព្រហ្មទណ្ឌ។
ប៉ូលីសស៊ើបអង្កេតបានចោទថា លោក Thanawan បានដាក់ប្រាក់ប្រហែល ៩០ លានបាត នៃជនរងគ្រោះ របស់គាត់ចូលទៅក្នុង គេហទំព័រល្បែង ដ៏ពេញនិយមមួយគឺ SBOBET ។
បន្ទាប់ពីការតាមដាន និងត្រួតពិនិត្យគេហទំព័រ រយៈពេលពីរខែ កាលពីថ្ងៃអាទិត្យ ប៉ូលិសបានចាប់ខ្លួនឈ្មួញ ដែលត្រូវបានចោទប្រកាន់នេះ ដែលត្រូវបានកំណត់អត្តសញ្ញាណត្រឹមតែថា Thanawan អាយុ ៥៨ ឆ្នាំ និងបក្ខពួកចំនួន ១២ នាក់ទៀត ក្នុងអំឡុងពេលវាយឆ្មក់លើទីតាំងលំនៅឋានប្រណីត ចំនួនបីក្នុងទីក្រុងបាងកក និងប៉ាធុមថានី។ ប៉ូលិសក៏បានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃ សរុប២០លានបាតដែលគេជឿថា ទទួលបានជាមួយនឹងប្រាក់ដែលរកបានដោយខុសច្បាប់ ។
យោងតាមប៉ូលីសបានឱ្យដឹងថា គេហទំព័រនេះត្រូវបានគេរកឃើញថា បានដំណើរការអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ជាមួយនឹងប្រាក់ចំណូលច្រើនជាង ១,៦ ពាន់លានបាតក្នុងមួយឆ្នាំ ៕
ប្រែសម្រួលៈ ណៃ តុលា
