ព័ត៌មានអន្តរជាតិ

អង់គ្លេស ដាក់សំណើ ក្នុងការបញ្ជូនទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន

AFP

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានបញ្ជាក់ថា ចក្រភពអង់គ្លេស បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ពង្រាយកងទ័ព ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានសន្តិភាព ដែលជាផ្នែកនៃ សម្ព័ន្ធភាពនៃឆន្ទៈឬ coalition of the willing ដែលបានប្រកាស កាលពីពេលថ្មីៗនេះ។

ថ្លែងនៅចំពោះមុខសភាកាលពីថ្ងៃចន្ទ លោក Starmer បាននិយាយថា អ្នកគាំទ្រ របស់ទីក្រុងគៀវ មិនត្រូវដោះស្រាយ សម្រាប់កិច្ចព្រមព្រៀង ដែលមានកម្រិតខ្សោយ ដូចកិច្ចព្រមព្រៀង Minsk នោះទេហើយដោយជំរុញឱ្យសម្ព័ន្ធមិត្ត លោកខាងលិច រក្សាជំនួយយោធាដល់អ៊ុយក្រែនបន្តទៀត និងបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ។

នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ជាថ្មី ​ពី​ឆន្ទៈ​របស់​លោក​ក្នុង​ការ​ដាក់​ពង្រាយ កងទ័ព​នៅលើទឹក​ដី និង​យន្តហោះចម្បាំងផងដែរដោយ​អះអាង​ថា៖​អឺរ៉ុប​ត្រូវតែ​ធ្វើការ​លើក​ទម្ងន់​ធ្ងន់​ ដើម្បី​ធានា​សន្តិភាព​នៅលើ​ទ្វីប​របស់​យើង​។ យ៉ាងណាក៏ដោយ លោកបានបន្ថែមថា ដើម្បីឱ្យកិច្ចខិតខំប្រឹងប្រែងនេះទទួលបានជោគជ័យ វាត្រូវតែមានការគាំទ្រពីសហរដ្ឋអាមេរិក យ៉ាងរឹងមាំផងដែរ។

គួរឲ្យដឹងដែរថានៅក្នុង កិច្ចប្រជុំកំពូលបន្ទាន់នៅទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ លោក Starmer បានប្រកាសថា ចក្រភពអង់គ្លេស និងបារាំងបានត្រៀមខ្លួន ជាស្រេចដើម្បីដឹកនាំ សម្ព័ន្ធនៃឆន្ទៈឬcoalition of the willing ដើម្បីផ្តល់ការគាំទ្រផ្នែកយោធា ដល់អ៊ុយក្រែន រួមទាំងការដាក់ពង្រាយកងទ័ព និងយន្តហោះ ក្នុងគោលបំណងធានា បាននូវទីតាំងរបស់ទីក្រុងគៀវ នៅពេលដែលកិច្ចព្រមព្រៀងសន្តិភាព ជាមួយទីក្រុងម៉ូស្គូត្រូវបានឈានដល់ការបញ្ចប់ទៅ។

កិច្ចប្រជុំ​កំពូល​នេះ​ ត្រូវ​បាន​កោះ​ប្រជុំ​បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ ​ដ៏មិននឹកស្មានរបស់​មេដឹកនាំ ​អ៊ុយក្រែន​លោក Vladimir Zelensky ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោនរហូតដល់មានទាស់សំដីខ្លាំង ជាមួយនឹងក្រុមមេដឹកនាំអាមេរិក ៕

ប្រែសម្រួល៖ស៊ុនលី

To Top