ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ បញ្ជាក់ពីការត្រៀមខ្លួន ឆ្លើយសំណួរ អំឡុងពេល នៃការជជែកដេញដោល ក្នុងសភា ដើម្បីដកសេចក្តីទុកចិត្ត លោកស្រី ដែលស្នើដោយបក្សប្រឆាំង

Bangkok Post

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃច័ន្ទ បានបញ្ជាក់ពីការត្រៀមខ្លួន របស់លោកស្រី ក្នុងការឆ្លើយសំណួរ ក្នុងអំឡុងពេលនៃការជជែកដេញដោល ដើម្បីដកសេចក្តីទុកចិត្ត នាពេលខាងមុខ ដោយនិយាយថា លោកស្រីនឹងបង្ហាញការពិត និងតួលេខដើម្បីទប់ទល់នឹង ការវាយប្រហារចោទប្រកាន់ របស់គណបក្សប្រឆាំង។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា សំណើសុំដកសេចក្តីទុកចិត្ត ដែលត្រូវបានដាក់ស្នើ កាលពីសប្តាហ៍មុន បានផ្តិតទៅលើនាយករដ្ឋមន្ត្រី ហើយចោទប្រកាន់លោកស្រីថា ខ្វះការដឹកនាំ និងអនុញ្ញាតឱ្យឪពុកលោកស្រី ដែលជាអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ញាក់ខ្សែលោកស្រី ។

នៅពេលសួរថាតើ លោកស្រី បានរៀបចំពិសេស ឬយ៉ាងណានោះ លោកស្រីបាននិយាយថា លោកស្រីនឹងឆ្លើយសំណួរ របស់គណបក្សប្រឆាំង ជាមួយនឹងអង្គហេតុ និងតួលេខ ហើយថា លោកស្រីត្រូវបានសង្ខេបអំពីទម្រង់នៃការជជែកដេញដោល ដែលនឹងក្លាយជាលើកដំបូង របស់លោកស្រីបន្ទាប់ពី ចូលកាន់តំណែងកាលពីប្រាំមួយខែមុន ។

លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ក៏​បាន​វាយ​បក​វិញ​ទៅ​លើ ​ក្រុម​ប្រឆាំង​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ថា​ លោកស្រី​ខ្វះ​ការ​ដឹក​នាំ ដោយលោកស្រីបាន​និយាយ​ថា លោកស្រីសុខចិត្ត​ទុក​ឲ្យ​សាធារណជន​ ជា​អ្នក​វិនិច្ឆ័យ​រឿង​នោះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top