បរទេស៖ ប្រសិនបើមេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ចង់បន្តការចរចាជាមួយសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងរ៉ែកម្រ នោះលោកនឹងត្រូវសុំទោសជាសាធារណៈ ចំពោះអាកប្បកិរិយាក្នុងអំឡុងពេលជួបជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី J.D. Vance កាលពីថ្ងៃសុក្រ, នេះបើតាមសារព័ត៌មាន Fox News បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ជាច្រើនសប្តាហ៍មុនពេលមានជម្លោះដ៏ជូរចត់នៅសេតវិមាន ទីក្រុងគៀវ និងទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងពិភាក្សាគ្នាលើកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទទួលបាន ធនធានធម្មជាតិដ៏កម្ររបស់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះត្រូវបានទុកចោលក្នុងកម្រិតទាប បន្ទាប់ពីការប្រឈមមុខដ៏ក្តៅគគុករបស់លោក ហ្សេលេនស្គី ជាមួយថ្នាក់ដឹកនាំអាមេរិក។
នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទ អ្នកឆ្លើយឆ្លងព័ត៌មាន Fox News លោក Peter Doocy បាននិយាយថា “មានការផ្តាច់ទំនាក់ទំនងកើតឡើងនៅទីនេះ នៅសេតវិមានជាមួយសម្ព័ន្ធមិត្តរបស់ពួកគេក្នុងទីក្រុងគៀវ”។ លោកបានអះអាងបន្ថែមទៀតថា “ខ្ញុំត្រូវបានប្រាប់ដោយមន្ត្រីជាន់ខ្ពស់នៅទីនេះថា គ្មានអ្វីនឹងកើតឡើងជាមួយកិច្ចព្រមព្រៀងរ៉ែនេះទេ រហូតដល់លោក ហ្សេលេនស្គី ចូលទៅមុខកាមេរ៉ា ហើយធ្វើការសុំទោសជាសាធារណៈ យ៉ាងច្បាស់លាស់ចំពោះរបៀបដែលគាត់ប្រព្រឹត្ត… នៅក្នុងការិយាល័យ Oval ក្នុងសេតវិមាន។”
ទន្ទឹមនឹងនេះ មេដឹកនាំអ៊ុយក្រែនខ្លួនឯងបានប្រាប់ BBC កាលពីថ្ងៃអាទិត្យថា លោកមានឆន្ទៈក្នុងការបន្ត “ការសន្ទនាប្រកបដោយការស្ថាបនា” ជាមួយទីក្រុងវ៉ាស៊ីនតោន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ប៉ុន្មានម៉ោងបន្ទាប់ពីវគ្គប្រឈមមុខគ្នាកាលពីថ្ងៃសុក្រនៅ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Marco Rubio បានណែនាំស្រដៀងគ្នានេះឱ្យ លោក ហ្សេលេនស្គី សុំទោស “សម្រាប់ការខ្ជះខ្ជាយពេលវេលា … [ហើយ] បង្វែររឿងនេះទៅជា បរាជ័យធំធេង សម្រាប់គាត់៕
ប្រែសម្រួលៈ ណៃ តុលា
