ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត​ បន្ទះឈីបតៃវ៉ាន់ នឹងវិនិយោគ ១០០ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិក

kyodo

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថាក្រុមហ៊ុន Taiwan Semiconductor Manufacturing Co. នឹងវិនិយោគ ១០០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាមេរិក ដើម្បីជួយបង្កើនសមត្ថភាពផលិតបន្ទះឈីប ដោយសាទរផែនការនេះថាជា “ការផ្លាស់ប្តូរដ៏អស្ចារ្យ” ។

ជាមួយនឹងការវិនិយោគថ្មី TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោកបានឲ្យដឹងថា ខ្លួននឹងចំណាយប្រាក់សរុបចំនួន ១៦៥ ពាន់លានដុល្លារលើការកសាងរោងចក្រផលិតចំនួន ៣ កន្លែងវេចខ្ចប់ទំនើបចំនួន ២ និងមជ្ឈមណ្ឌលស្រាវជ្រាវនៅរដ្ឋ Arizona ។

ការប្រកាសនេះធ្វើឡើងនៅពេលដែលលោក ត្រាំ បន្តបញ្ចេញការគម្រាមកំហែង ពន្ធជាបន្តបន្ទាប់ប្រឆាំងនឹងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិក ខណៈដែលអំពាវនាវ ឱ្យក្រុមហ៊ុនផលិតបរទេស សាងសង់រោងចក្រនៅក្នុងប្រទេស របស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

លោក ត្រាំ បានឲ្យដឹងនៅឯសេតវិមានជាមួយ CEO របស់ក្រុហ៊ុន TSMC ថា “Semiconductors គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចសតវត្សទី ២១ ហើយជាការពិត បើគ្មាន semiconductors ទេនោះ គ្មានសេដ្ឋកិច្ចណា ដែលផ្តល់ថាមពលដល់អ្វីៗទាំងអស់ពីបច្ចេកវិទ្យា AI ដល់រថយន្ត រហូតដល់ការផលិតកម្រិតខ្ពស់ផ្សេងទៀត”។

លោក ត្រាំ បានលើកឡើងថា “យើងត្រូវតែអាចបង្កើត បន្ទះសៀគ្វី និង semiconductors ដែលយើងត្រូវការនៅទីនេះ នៅក្នុងរោងចក្រអាមេរិក ដែលមានជំនាញ និងកម្លាំងពលកម្មអាមេរិក ហើយនោះជាអ្វីដែលយើងកំពុងធ្វើ” ។ វាជាបញ្ហាសន្តិសុខសេដ្ឋកិច្ច វាក៏ជាបញ្ហាសន្តិសុខជាតិ សម្រាប់យើងដែរ” ។

រហូតមកដល់ពេលមានការប្រកាស ប្រធានាធិបតីអាមេរិក បានត្អូញត្អែរម្តងហើយម្តងទៀតថា តៃវ៉ាន់បានយកអាជីវកម្មគ្រឿង អេឡិចត្រូនិកពីសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ២០២៤ ឱនភាពពាណិជ្ជកម្មដ៏ធំបំផុត របស់សហរដ្ឋអាមេរិកលើទំនិញគឺជាមួយប្រទេសចិន បន្ទាប់មកគឺម៉ិកស៊ិក វៀតណាម អៀរឡង់ អាល្លឺម៉ង់ តៃវ៉ាន់ ជប៉ុន និងកូរ៉េខាងត្បូង នេះបើយោងតាមទិន្នន័យផ្លូវការ របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top