ព័ត៌មានអន្តរជាតិ

លោក ត្រាំ ផ្តល់ការលើកលែងពន្ធរយៈពេល ១ខែក្រុមហ៊ុនផលិតរថយន្ត ដែលនាំចូលពីកាណាដា និងម៉ិកស៊ិក

kyodo


វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្តល់ការលើកលែងដល់ក្រុមហ៊ុនផលិតរថយន្តរយៈពេលមួយខែពីពន្ធថ្មីរបស់លោក លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក។ ការផ្លាស់ប្តូរដែលត្រូវបានប្រកាសដោយអ្នកនាំពាក្យលោកស្រី Karoline Leavitt បានកើតឡើងបន្ទាប់ពីពន្ធ ២៥ ភាគរយរបស់រដ្ឋបាលលោក ត្រាំ លើទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក បានចូលជាធរមានកាលពីថ្ងៃអង្គារ។

លោកស្រី Leavitt បានប្រាប់សន្និសីទសារព័ត៌មានថា លោក ត្រាំ បាននិយាយទៅកាន់ក្រុមហ៊ុន Ford Motor Co., General Motors Co. និង Stellantis NV នៅមុនថ្ងៃនោះ ហើយម៉ាករថយន្តណាមួយ ដែលចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា នឹងមានសិទ្ធិទទួលបានការលើកលែង។

ដើម្បីមានលក្ខណៈគ្រប់គ្រាន់ យានយន្ត នឹងត្រូវបំពេញតាមខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរួមមានការទាមទារ ៧៥ ភាគរយនៃសមាសធាតុ ដែលត្រូវផលិតនៅក្នុងប្រទេសកាណាដា ម៉ិកស៊ិក ឬសហរដ្ឋអាមេរិក។ លោកស្រី Leavitt បានលើកឡើងថា “ប្រធានាធិបតី កំពុងផ្តល់ឱ្យពួកគេនូវការលើកលែង សម្រាប់រយៈពេលមួយខែ ” ។

ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក និងបរទេសដូចគ្នា ទិញគ្រឿងបន្លាស់ និងសម្ភារៈពីខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ស្មុគស្មាញ។ ពួកគេបានត្អូញត្អែរថា ពួកគេមិនអាចផ្លាស់ប្តូរការផលិតរថយន្តទៅកាន់បន្ទាត់ថ្មីក្នុងសហរដ្ឋអាមេរិកបានយ៉ាងងាយស្រួល ដូចដែលលោក ត្រាំ ចង់បាននោះទេ ហើយពន្ធខ្ពស់នឹងនាំឱ្យតម្លៃកើនឡើង សម្រាប់ទាំងក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top