បេរូត៖ អគ្គលេខាធិការក្រុមហេសបូឡាលោក Naim Qassem បានបញ្ជាក់ជាថ្មីថា ក្រុមនេះនឹងមិនអនុញ្ញាតឱ្យមានវត្តមាន របស់អ៊ីស្រាអែលណាមួយនៅក្នុង ភាគខាងត្បូងប្រទេសលីបង់នោះទេ ដោយសង្កត់ធ្ងន់លើភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់ក្រុមហេសបូឡា ក្នុងការការពារប្រទេសលីបង់។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ al-Manar TV លោក Qassem បានបង្ហើបថា ក្នុងអំឡុងកិច្ចព្រមព្រៀងឈប់បាញ់ ក្រុមហេសបូឡា បានបញ្ឈប់ប្រតិបត្តិការ ប៉ុន្តែរក្សាការត្រៀមលក្ខណៈយោធាពេញលេញដដែល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោកបានបន្ថែមថា “ក្នុងរយៈពេល ៦០ ថ្ងៃកន្លងមកនេះ អ៊ីស្រាអែលបានប្រព្រឹត្តការរំលោភបំពានជាច្រើន។ កិច្ចព្រមព្រៀងបានចែងយ៉ាងច្បាស់ថា អ៊ីស្រាអែលត្រូវតែដកថយហួសពីទន្លេ Litani” ។ លើបញ្ហាក្នុងស្រុក លោក Qassem បានរំលឹកឡើងវិញនូវការយកចិត្តទុកដាក់របស់ក្រុមហេសបូឡា ចំពោះស្ថិរភាព និងអភិបាលកិច្ចជាតិ ដោយគាំទ្រសិទ្ធិអំណាចផ្តាច់មុខរបស់កងកម្លាំងសន្តិសុខលើសន្តិសុខផ្ទៃក្នុង។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា អាវុធរបស់ក្រុមហេសបូឡា មានសារៈសំខាន់សម្រាប់ការប្រឈមមុខនឹងអ៊ីស្រាអែល។ លោកបានប្រកាសថា “អ៊ីស្រាអែល បង្កការគំរាមកំហែងដែលមានស្រាប់ ហើយការតស៊ូជាសិទ្ធិរបស់លីបង់”។ លោក Qassem ក៏បានលើកឡើងអំពីការកសាងឡើងវិញរបស់ប្រទេសលីបង់ ដោយបញ្ជាក់ថា ការកសាងឡើងវិញនូវតំបន់ ដែលហែកហួរដោយសង្រ្គាម គឺជាការទទួលខុសត្រូវរបស់រដ្ឋ។ លោកបានសង្កត់ធ្ងន់លើតួនាទីបន្តរបស់ក្រុមហេសបូឡា ក្នុងកិច្ចការនយោបាយ និងយោធា ដោយអះអាងថា “ការតស៊ូ” នឹងបន្តដរាបណាការគំរាមកំហែង របស់អ៊ីស្រាអែលនៅតែមាន ៕
ប្រែសម្រួល ឈូក បូរ៉ា
