បរទេស ៖ ពលរដ្ឋសិង្ហបុរីដែលអត់ការងារធ្វើ (ខំរកដែរ តែគ្មានការងារ) អាចដាក់ពាក្យសុំប្រាក់ប្រចាំខែសរុបចំនួន ៦.០០០ ដុល្លារសិង្ហបុរី ស្មើនឹង ៤.៥០០ ដុល្លារអាមេរិក ក្នុងរយៈពេល៦ខែ តាមរយៈគម្រោងរបស់រដ្ឋាភិបាល ដែលគ្រោងនឹងចាប់ផ្តើម នៅពាក់កណ្តាលខែមេសា។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមគេហទំព័រ រដ្ឋាភិបាល សម្រាប់គម្រោង ដែលមានឈ្មោះថា SkillsFuture Jobseeker Support គឺពលរដ្ឋសិង្ហបុរីដែលមានអាយុចាប់ពី ២១ឆ្នាំឡើងទៅមានសិទ្ធិដាក់ពាក្យសុំថវិកាបាន ប្រសិនបើពួកគេបានធ្វើការនៅក្នុងរដ្ឋ ទីក្រុងយ៉ាងហោចណាស់៦ខែ ក្នុងឆ្នាំកន្លងទៅ ហើយមានប្រាក់ចំណូលប្រចាំខែជាមធ្យម ៥.០០០ ដុល្លារសិង្ហបុរី ឬតិចជាងនេះក្នុងអំឡុងពេលនោះ ។
ពួកគេត្រូវតែគ្មានការងារ ធ្វើយ៉ាងហោចណាស់មួយខែ ចាប់តាំងពីថ្ងៃចុងក្រោយ នៃការងាររបស់ពួកគេ ដោយសារហេតុផលហួសពីការគ្រប់គ្រងរបស់ពួកគេ ដូចជាការកាត់ចោល ការបិទអាជីវកម្ម ឬការបញ្ឈប់ដោយសារបញ្ហាសុខភាព ។
អចលនទ្រព្យ ដែលពួកគេស្នាក់នៅក៏ ត្រូវមានតម្លៃប្រចាំឆ្នាំ ៣១.០០០ ដុល្លារសិង្ហបុរី ឬតិចជាងនេះ។ ការទូទាត់នឹងត្រូវបញ្ឈប់ នៅពេលដែលអ្នក ទទួលរកការងារធ្វើ ។
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ លោក Koh Poh Koon បាននិយាយថា អ្នកដាក់ពាក្យសុំក៏ត្រូវតែបំពេញ សំណុំនៃសកម្មភាពទាក់ទងនឹងការងារជារៀងរាល់ខែ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការបង់ប្រាក់នេះ , នេះបើតាមកាសែត The Straits Times បានចេញផ្សាយ ។
លោកបាននិយាយថា សកម្មភាពទាំងនេះ រួមទាំង ការធ្វើបច្ចុប្បន្នភាពប្រវត្តិរូបរបស់ពួកគេ ការចូលរួមពិព័រណ៍ការងារ និងសិក្ខាសាលា ត្រូវបានរៀបចំឡើង ដោយផ្អែកលើការស្រាវជ្រាវ របស់អ្នកប្រើប្រាស់ ដើម្បីផ្តល់ការណែនាំវិជ្ជាជីវៈដល់អ្នកស្វែងរកការងារ និងផ្តល់ទំនុកចិត្តដល់ពួកគេថា ពួកគេកំពុងដើរលើផ្លូវត្រូវក្នុងការស្វែងរកការងារថ្មី។
ថវិកាប្រហែល ២០០ លានដុល្លារនឹងត្រូវត្រៀមសម្រាប់គម្រោងនេះ ដែលលោក Koh បាននិយាយថា ត្រូវបានគេរំពឹងថានឹងគាំទ្រមនុស្សប្រហែល ៦០.០០០ នាក់ក្នុងមួយឆ្នាំ ឬច្រើនជាង 60% នៃអ្នកដែលមិនមានការងារធ្វើដោយអចេតនា៕
ប្រែសម្រួលៈ ណៃ តុលា
