បរទេស៖ ប្រទេសម៉ាឡេស៊ី បានណែនាំពលរដ្ឋរបស់ខ្លួន ឱ្យបញ្ឈប់ផែនការទៅលេងប្រទេសថៃ ភាគខាងត្បូង បន្ទាប់ពីការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារនៅទីក្រុង Sungai Kolok ព្រំដែនថៃ ដែលជាគោលដៅពេញនិយម សម្រាប់ប្រជាជនម៉ាឡេស៊ី និងនៅប៉ាតានី។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ថា អគ្គអធិការប៉ូលិសលោក Razarudin Husain កាលពីថ្ងៃអាទិត្យ បានណែនាំប្រជាជនឱ្យលុបចោលផែនការ ណាមួយ ដើម្បីធ្វើដំណើរទៅភាគខាងត្បូងប្រទេសថៃ ។
លោកបានបន្ថែមថា អាជ្ញាធរសន្តិសុខម៉ាឡេស៊ីបានបង្កើនការល្បាត និងបង្កើនវិធានការ នៅព្រំដែនជាមួយស្រុក Sungai Kolok ដើម្បីការពារក្រុមបះបោរ ដែលចូលមកម៉ាឡេស៊ី ឆ្លងកាត់ទន្លេ Kolok ។ ការព្រមានរបស់លោកបានកើតឡើង បន្ទាប់ពីការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារបានកក្រើកក្រុង Sungai Kolok ក្នុងខេត្ត Narathiwat ក្នុងប្រទេសថៃ កាលពីយប់ថ្ងៃសៅរ៍ ។
សេចក្តីរាយការណ៍ដំបូង បាននិយាយថា ទីតាំងចំនួនបី នៅក្នុងទីក្រុងត្រូវបានបំផ្ទុះគ្រាប់បែក ប៉ុន្តែក្រោយមកព័ត៌មាន បានលេចឡើង នៃការវាយប្រហារទីបួន ដែលជាការបំផ្ទុះនៅកោះមួយនៅខាងក្រោយកីឡដ្ឋាន Maharat ប៉ុន្តែមិនបណ្តាល ឱ្យមានអ្នករងរបួសនោះទេ។
ការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារ នៅសាលាស្រុកប្រហែលម៉ោង ៧ និង១០នាទីយប់ បានសម្លាប់មនុស្សពីរនាក់ និងរបួសយ៉ាងតិចទាហានស្ម័គ្រចិត្ត ការពារប្រាំបីនាក់ ៕
ប្រែសម្រួលៈ ណៃ តុលា
