ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល កាត់ផ្តាច់ការ ផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់ហ្គាហ្សា ដោយទាមទារឲ្យដោះលែង ចំណាប់ខ្មាំង

AFP

យេរ៉ូសាឡឹម ៖ អ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងផ្អាកការផ្គត់ផ្គង់អគ្គិសនី ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដាក់សម្ពាធក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំង ។ រដ្ឋមន្ត្រីក្រសួងថាមពលអ៊ីស្រាអែល លោក Eli Cohen បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា “ខ្ញុំទើបតែបានចុះហត្ថលេខាលើបញ្ជា ឱ្យបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនីភ្លាមៗ ទៅកាន់តំបន់ហ្គាហ្សា” ។

លោក Cohen បានលើកឡើងថា វិធានការនេះមានគោលបំណង ដាក់សម្ពាធលើក្រុមហាម៉ាស់ ឱ្យដោះលែងចំណាប់ខ្មាំង ដែលនៅតែឃុំខ្លួន នៅក្នុងហ្គាហ្សា ។ យោងតាមតួលេខ របស់អ៊ីស្រាអែល ចំណាប់ខ្មាំងចំនួន ៥៩ នាក់នៅតែស្ថិតក្នុងការចាប់ឃុំឃាំងរបស់ក្រុមហាម៉ាស់  ដែលប្រហែល ២៤ នាក់ត្រូវបានគេជឿថា នៅមានជីវិត ។

លោក Cohen បានបន្ថែមថា “យើងនឹងប្រើប្រាស់មធ្យោបាយ ដែលមានទាំងអស់ ដើម្បីធានាឱ្យមានការវិលត្រឡប់របស់ចំណាប់ខ្មាំងទាំងអស់ និងធានាថាក្រុមហាម៉ាស់ នឹងមិនស្ថិតនៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃបន្ទាប់ ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្នុងលិខិតមួយ ដែលចេញផ្សាយជាសាធារណៈ លោក Cohen បានណែនាំសាជីវកម្មអគ្គិសនី របស់រដ្ឋអ៊ីស្រាអែលឲ្យបញ្ឈប់ការ លក់អគ្គិសនី ទៅឲ្យតំបន់ហ្គាហ្សា ។ អ្នកនាំពាក្យរបស់លោក Cohen បានឲ្យដឹងផងដែរថា ការបញ្ជានេះនឹងមានប្រសិទ្ធភាពភ្លាមៗ។ អ៊ីស្រាអែល បានរារាំងការ ដឹកជញ្ជូនជំនួយ រួមទាំងអាហារទៅកាន់តំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី ២ ខែមីនា បន្ទាប់ពីដំណាក់កាល ៤២ ថ្ងៃដំបូងនៃបទឈប់បាញ់ អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផុតកំណត់។

ដើម្បីមើល តាមរយៈការអនុវត្តបទឈប់បាញ់ បីដំណាក់កាល មន្ត្រីក្រុមហាម៉ាស់ បានពិភាក្សាជាមួយមន្ត្រីអេហ្ស៊ីប និងសហរដ្ឋអាមេរិក ខណៈដែលគណៈប្រតិភូ អ៊ីស្រាអែល ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា នៅថ្ងៃចន្ទនេះ ដើម្បីបន្តការចរចា ។ នៅក្នុងថ្ងៃដំបូងនៃការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ អ៊ីស្រាអែល បានកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី អាហារ ឱសថ និងប្រេងឥន្ធនៈដល់ហ្គាហ្សា ដោយបង្កើតឱ្យមានទុរ្ភិក្ស និងវិបត្តិមនុស្សធម៌ “ដ៏មហន្តរាយ” នៅក្នុងតំបន់នេះ នេះបើយោងតាមអង្គការសហប្រជាជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top